2023-09-20 14:30
275

ត្បូងឃ្មុំ៖     អាជ្ញាធរខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេសចំពោះមនុស្សចាស់ កុមាតតូចៗ និងជនពិការភាព ខណៈពេលទឹកទន្លេហក់ឡើងកម្ពស់ជាលើកទី២ បង្កឲ្យហូរចូលទំនប់ បឹងបូរ ព្រែក និងដីស្រែចំការប្រមាណជិត ៨០%។ 

ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមណែនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ 
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរត្បូងឃ្មុំ លោក សុខ ឡេងម៉េង បានបន្តធ្វើការចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេដែលបាក់កាលពីពេលកន្លងទៅ និងស្ថានភាពកម្ពស់ទឹកទន្លេនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដើម្បីមានវិធានទប់ស្កាត់ ដោះស្រាយ ឬសង្គ្រោះបន្ទាន់ណាមួយ។ 

ក្រុមការងារមន្ទីរធនធានទឹក បានឲ្យដឹងថា ពេលនេះក្រុមការងារបានចុះពិនិត្យស្ថានភាពច្រាំងទន្លេ ចំនួន ៣ទីតាំង រួមមានៈ ច្រាំងទន្លេនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ, ទីតាំងទី២ នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ និងទី៣ ពិនិត្យច្រាំងទន្លេ នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។ ចំពោះស្ថានភាពទឹកទន្លេមេគង្គ បានហូរចូលតាមព្រែកធំៗចំនួន ៦ទូទាំងខេត្តត្បូងឃ្មុំ ក្នុងនោះ ព្រែកតាកុច (រកាខ្នុរ), ព្រែកចាម, ព្រែកពាមជីលាំង, ព្រែកជីកដូនម៉ៅ និងព្រែកអង្គកូ ទឹកទន្លេហូរចូល ១០០% ដោយឡែកព្រែកគគី ទឹកទន្លេហូរចូល ៣០%ផងដែរ ។
 
លោកប្រធានមន្ទីរធនធានទឹក បានវាយតម្លៃថា “គិតត្រឹមថ្ងៃពុធ ទី២០ កញ្ញានេះ ទឹកបានលិចដីស្រែ និងចំការរបស់ប្រជាពលរដ្ឋ ប្រមាណជិត ៨០%  ដោយឡែកច្រាំងទន្លេទាំង ៣កន្លែង មិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ”។

សូមជម្រាបថាៈ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ វេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២០  ខែកញ្ញា ឆ្នាំ២០២៣ នេះ ទឹកមានកម្ពស់ ១៣ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញទឹកឡើង ០,០២ម៉ែត្រ ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង ១,៤៣ម៉ែត្រ។ សម្រាបកម្ពស់ទឹកប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕