2023-09-22 15:57
302

ខេត្តព្រៃវែង៖ យុវតីម្នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំណែនាំ ធ្វើកិច្ចសន្យា ក្រោយនគរបាលប្រទះឃើញវីដេអូយុវតីខាងលើជិះម៉ូតូព្រហើនតាមបណ្ដោយផ្លូវជាតិលេខ ១ ហើយត្រូវបានបង្ហោះ និងចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក ។

គួរបញ្ជាក់ថា នគរបាលស្រុកកំពង់ត្របែកបានប្រទះ ឃើញវីដេអូនេះលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្មេងស្រីខាងលើ បានជិះម៉ូតូព្រហើនរេចុះរេឡើងពេញផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ១ ។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បានចុះស្រាវជ្រាវរហូតរកឃើញយុវតីខាងលើ រួចក៏ហៅមកធ្វើការសួរនាំ ។ 

បច្ចុប្បន្នយុវតីខាងលើ ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក និងអញ្ជើញអាណាព្យាបាលមកធានា រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕