2023-09-23 15:10
372

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាទីស្តីការក្រសួង កាលពីរសៀលម្សិលមិញនេះ លោកមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញកិច្ចសហការរួមគ្នា គ្រប់ភាគីពាក់ព័ន្ធក្នុងភាពជាដៃគូល្អ គឺជាជោគជ័យមួយសម្រាប់កិច្ចការពារ បរិស្ថានសកល និងក្នុងប្រទេស។  

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងភាក្សាការងារជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិជាសមាជិកចំនួន ៨ រូប ទៀត លោករដ្ឋមន្រ្តី បានគូសបញ្ជក់ថា អាទិភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ ក៏ជាអាទិភាពរបស់ក្រសួងបរិស្ថាន ហើយក្រសួងបាននឹងកំពុងអនុវត្តគោលនយោបាយអាទិភាពចម្បង ដែលមានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការពង្រីកវិសាលភាពគម្របព្រៃឈើ ដោយផ្សារភ្ជាប់ និងការអភិវឌ្ឍសហគមន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈបង្កើតសហគមន៍អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានសំដែងសេចក្តីរីករាយ ដែលឃើញកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកាត់សំគាល់។ លោកបានបញ្ជាក់ថាអង្គការសហប្រជាជាតិ  និងអង្គការជាសមាជិកនៅក្រោម UN ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងការសម្រេចបានជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នេះ។ ជាពិសេសកិច្ចការពារបរិស្ថាន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាលើកកំពស់ជីវភាពប្រជាជន និងការគ្រប់គ្រងសំណល់ គឺជាអាទិភាពរបស់អង្គការសហប្រជាជាតិ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត  បានសំដែងការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងស្ថាប័នអង្គការសហប្រជាជាតិកន្លងមក ជាមួយក្រសួងបរិស្ថាន ហើយលោករដ្ឋមន្រ្តីនឹងបន្តកិច្ចគាំទ្រជានិច្ចចំពោះអង្គការដៃគូអភិវឌ្ឍដែលផ្តល់តម្លៃ និងភាពជាម្ចាស់ដល់ក្រសួង ក្នុងការអនុវត្តគម្រោង ៕