(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្តីទីនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះអប់រំក្រុមក្មេងទំនើងចំនួន១៦នាក់ ស្រី១នាក់ ដែលបានបង្កហិង្សានៅស្រុកស្ទឹងហាវ និងបានណែនាំដល់អាណាព្យាបាល នាយកសាលា សហការជាមួយអាជ្ញាធរបង្កើតគ្រុប Telegram ដើម្បីងាយស្រួលតាមដានសកម្មភាពរបស់ពួកគេ។
លោក ម៉ាង ស៊ីណេត បានបន្តថា «ការបង្កើតក្រុមនេះវារឿងល្អណាស់ ក៏ប៉ុន្តែមិនមែនជាក្រុមក្មេងទំនើង ដើរបង្ករឿងនោះទេ ជំនួសមកវិញគឺត្រូវបង្កើតក្រុមដែលមានប្រយោជន៍ដល់ខ្លួនឯង អ្នកនៅជុំវិញខ្លួន មានន័យថា ជួបជុំគ្នាពិភាក្សាពីការរៀនសូត្រ រឿងល្អៗជាច្រើនទៀតដែលលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល តបស្នងទៅគាត់វិញ ជាពិសេសជាទង្វើរដែលសង្គមត្រូវការនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត»។
អភិបាលខេត្តព្រះសីហនុស្តីទី បានថ្លែងថា ដើម្បីធ្វើឱ្យសង្គមជាតិមានសណ្តាប់ធ្នាប់ របៀបរៀបរយ រីកចម្រើនមានការអភិវឌ្ឍតទៅមុខ សន្តិសុខ សុវត្តិភាពល្អ ពិតណាស់គឺត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា ជាពិសេស គឺប្អូនៗយុវជនជំនាន់ក្រោយជាទំពាំងស្នងឫស្សីនេះឯង ត្រូវតែខិតរៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តយ លោកគ្រូ-អ្នកគ្រូ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាយុវជនគំរូទៅថ្ងៃអនាគត ព្រោះទង្វើដែលប្អូនៗកំពុងធ្វើនេះ គឺជាទង្វើរសង្គមស្អប់ខ្ពើមមិនចង់ទទួលបាននោះទេ។
លោកបានបន្ថែមថា សព្វថ្ងៃឪពុកម្តាយ លោកគ្រូ-អ្នកគ្រូលោកខិតខំណាស់ ក្នុងចិញ្ចឹមបីចាប់ ថែរក្សា ខំរកលុយទាំងលំបាកដើម្បីឱ្យកូនបានទៅរៀនមានចំណេះដឹងខ្ពស់ រកការងារល្អធ្វើ បានប្រាក់ខែខ្ពស់ បង្ហាត់បង្រៀន ពន្យល់ណែនាំដល់ប្អូនៗសុទ្ធតែចង់ឱ្យមានអនាគត ដើមតាមផ្លូវដែលសង្គមត្រូវការ។
លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅត្រូវតែកែខ្លួនពីទំពាំងស្អុយ ទៅជាទំពាំងស្នងឫស្សី ក្លាយខ្លួនទៅជាយុវជនពោរពេញទៅដោយគំនិត បញ្ញា ស្មារតី ចំណេះជំនាញ ដើម្បីអនាគតខ្លួនឯងទៅថ្ងៃមុខ ក៏ដូចជាឪពុកម្តាយ ក្រុមគ្រួសារ ប្អូនៗឯងជំនាន់ក្រោយទៅថ្ងៃមុខទៀត ហាមដាច់ខាតបង្កើតក្រុមបងតូច បងធំក្រុមអាវាសែតទៅមុខទៀត។
បន្ទាប់ពីធ្វើការណែនាំរួចហើយ ក្រុមក្មេងទំនើងទាំង១៦នាក់ បានសូមទោស ចំពោះមុខឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន។
គូសបញ្ជាក់ថា ករណីបង្កអំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង ៤:០០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសិស្សអនុវិទ្យាល័យសម្ដេចឪ ចំនួន០៩នាក់ និងសិស្សបឋមសិក្សា ហ៊ុន សែនក្រុង ១នាក់ បានទៅបង្កហិង្សាជាសិស្សអនុវិទ្យាល័យទំនប់រលកថ្មី បណ្ដាលឱ្យខូចខាតម៉ូតូ១គ្រឿង។ ដោយមានការសហការរបស់លោកនាយក លោកគ្រូ និងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំទំនប់រលក ឃាត់ខ្លួនបានសិស្សចំនួន១០នាក់ និងម៉ូតូចំនួន០៧គ្រឿង៕