(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
លោកបានរំលឹកថា ក្នុងឱកាសដែលលោក និងក្រុមការងារចុះឃោសនារកសំឡេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋបានស្នើសុំសាលាមួយខ្នង មាន៥បន្ទប់ ដោយសារការខ្វះខាត អគារសិក្សាសម្រាប់កូនៗចៅៗ របស់ប្រជាពលរដ្ឋនៅទីនេះ ដែលពេលនេះបងប្អូនប្រជាពលរដ្ឋបានដាក់លិខិតស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន។
លោកបន្តថា បន្ទាប់ពីទទួលបានលិខិតស្នើសុំយ៉ាងដូច្នេះហើយ ក៏ក្រុមការងារមិនរំខានដល់សម្តេចតេជោនោះទេ ក្រុមការងារក៏សម្រេចសហការគ្នាជួយកសាងអគារសិក្សានេះ ១ខ្នងមាន៥បន្ទប់នេះឡើង ដោយប្រគល់ការងារកសាងនេះ ដល់សមាគមយុវជនទិសអាគ្នេយ៍ ហៅកាត់សមគមលេខ ៥៤ ចាត់ចែងសាងសង់អគារសិក្សា ក្រោយពេលដែលលទ្ធផលនៃការបោះឆ្នោត បានប្រកាសចេញមករួចរាល់។
អ្នកតំណាងរាស្ត្ររូបនេះបន្តថា នៅក្នុងភូមិប៉ោយស្នួលដែលក្រុមកាងារបានជួយនេះ មានប្រជាជនជាង៧០០នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលកន្លងទៅភូមិមួយនេះ មិនដែលទទួលបានសំឡេងបោះឆ្នោតច្រើនបែបនេះទេ ហើយបើនិយាយពីឃុំប៉ោយចារ សំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនលើសពីការរំពឹងទុក ដូច្នេះហើយការផ្តល់ជូនអគារសិក្សាមួយខ្នង មាន៥បន្ទប់នេះ ក៏ជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋផងដែរ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលរួមទាំងការផ្តល់ជូននូវតុ កៅអី ខ្លោងទ្វារសាលាបឋមសិក្សា និងតារាងបាល់ទាត់មួយផងដែរ។
ពិធីនេះបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ មានការចូលរួមពីក្រុមការងារចុះជួយស្រុកភ្នំស្រុក, ប្រធានសមាគមយុវជនទិសអាគ្នេយ៍ យុវជនសហភាពសហព័ន្ធយុជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ៦០០នាក់។
ក្នុងឱកាសនោះដែរ ក្រោយពីសំណេះសំណាល និងរៀបរាប់ពីសំណោមពរ និងការអរគុណ ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាហួសពីការរំពឹកទុកហើយនោះ និងបានរៀបរាប់ពីអតីតកាល នៅក្នុងតំបន់នោះ រួមទាំងសកម្មភាពដែលក្រុមការងារបានធ្វើហើយនោះ លោក សេរី កុសល បានពន្យល់ពីស្ថានភាពបច្ចុប្បន្ននៃនយោបាយក្នុងប្រទេស ដែលកម្ពុជា ដែលមាននាយករដ្ឋមន្ត្រីថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាយុវជនដ៏មានឈ្លាសវៃ និងមានសមត្ថភាព ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និងចូលរួមថ្លែងនៅអង្គការសហប្រជាជាតិ (UN) ហើយបានពន្យល់វាយបកទៅកាន់គណបក្សប្រឆាំង ចំពោះការនិយាយមិនពិតពាក់ព័ន្ធការបោះឆ្នោតនាពេលកន្លងមក។
លោកក៏បានពន្យល់បងប្អូន ពីគោលនយោបាយអាទិភាពនានា ដែលបានដាក់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញដើម្បីបម្រើ ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីនោះ ក៏មានការឧបត្ថម្ភជូននូវសម្ភារមួយចំនួនទៀត ដូចជានំបញ្ចុកចំនួន២០០គីឡូក្រាម សារ៉ុង និងថវិកាសម្រាប់ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ រួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។ ពិធីនេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕