2023-09-25 16:48
358

ភ្នំពេញ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាតក្នុងរាជធានីភ្នំពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ គោលដៅ៦ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ៦៨, ផ្លូវលេខ៣៦ ផ្លូវលេខ ៤៧ និងផ្លូវព្រះស៊ីសុវត្ថិ។


បើតាមលោក ចាប ឌីណា បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ក្នុងប្រតិបត្តិការនោះ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន ជាក់ស្ដែងជាលទ្ធផល៖  បានណែនាំបងប្អូនប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរបាត់បង់សណ្ដាប់ធ្នាប់លើផ្លូវនិងចិញ្ចើមសាធារណៈនោះឡើយ ព្រោះទុកចិញ្ចើមផ្លូវខ្លះសម្រាប់អ្នកដំណើរថ្មើរជើង។

លោកអភិបាលរងរូបនេះ បន្តថា ដោយឡែកសម្រាប់ទីតាំងលក់ស៊ុបនៅតាមបណ្តោយផ្លូវលេខ ៤៧ មានការចូលរួមមួយចំនួន និងមួយចំនួនទៀតខ្វះការចូលរួមផងដែរ។ 
បន្ថែមពីនេះ លោក ចាប ឌីណា បានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញា លោកស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមដើម្បីទាំងអស់គ្នា។ ការធ្វើអាជីវកម្មអាជ្ញាធរមានសប្បាយរីករាយ តែក៏មិនអនុញ្ញាតឱ្យបងប្អូនយកទីសាធារណៈសម្រាប់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ៕