2023-09-26 09:44
286

កំពត៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ០៤នាក់ និងជនស៊ីវិលម្នាក់ទៀត ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពត បានបើកប្របត្តិការបង្ក្រាប និងឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។ 

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជនសង្ស័យជាមន្ត្រីប៉ូលិសខេត្តកែប រឿងគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខណៈខាងស្នងការដ្ឋាននគរបាលខេត្តកែបថាជារឿងយល់ច្រឡំ ប៉ុន្តែស្នងការការនគរបាលខេត្តកំពតវិញអះអាងថា «មិនមែនជាការយល់ច្រឡំស្អីទេពេលឃាត់ខ្លួនវានៅជុំជាមួយគ្នា ប៉ុន្តែគ្រាន់ពិនិត្យទឹកនោមអត់មានផ្ទុកសារធាតុប៉ុណ្ណោះ»។ 

យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង ០៥នាក់ ដែលនគរបាលខេត្តកំពតចាប់ខ្លួននោះ មាន ០៤នាក់ គឺជាមន្ត្រីនគរបាលខេត្តកែប និងម្នាក់ទៀតជាជនស៊ីវិលធម្មតា។ ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងជាគ្រឿងញៀន អាវុធខ្លី ០១ដើម គ្រាប់មួយចំនួន ទូរសព្ទដៃ និងរបស់របរមួយចំនួនទៀត។ 

តាមប្រភពក្រៅផ្លូវការខាងស្នងការនគរបាលខេត្តកែប បាននិយាយថា «រឿងចាប់មន្ត្រីប៉ូលិសខេត្តកែប ចំនួន ០៤នាក់ និងជនស៊ីវិលម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននោះ គឺជាការយល់ច្រឡំគ្នាប៉ុណ្ណោះ»។ 

ជាការឆ្លើយវិញ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់បណ្តាញសារព័ត៌មាន តាមប្រព័ន្ធតេលេក្រាមថា «មិនមែនជារឿងភ័ន្តច្រឡំទេ មុខសញ្ញាចែកចាយមុខចាប់មកវានៅជួបជុំគ្នាទាំងហ្នឹង ប៉ុន្តែពូកនេះពិនិត្យទឹកនោមអត់មានផ្ទុកសារធាតុញៀន»។ 

ក្រុមមុខសញ្ញាជនសង្ស័យជាមន្ត្រីប៉ូលិសទាំង ០៤នាក់ ក្នុងចំណោមបក្ខពួក ចំនួន ០៥នាក់ មានម្នាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោជានាយករងការិយាល័យ ហើយពេលនេះសមត្ថកិច្ចនគរបាលខេត្តកំពត កំពុងដំណើរការសាកសួរ និងកសាងសំណុំតាមនិតិវិធីច្បាប់៕