2023-09-27 17:16
377

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តត្រូវតែធ្វើឱ្យខាងតែបានក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញរបស់ក្រសួងរង់ចាំត្រួតពិនិត្យ និងតម្រង់ទិសលើយុទ្ធសាស្រ្តគោលទាំងនោះ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្រសួងត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យផែនការសកម្មភាពខាងក្រៅ និងទាញយកឱកាសសម្រាប់កម្ពុជាឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន។ ក្រសួងផ្ទាល់មានធនធានមនុស្សជំនាញៗ ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាននៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ កៀរគរថវិកាពីគម្រោងនានា ដោយមិនឱ្យបាត់បង់នៅឯករាជ្យភាព អធិបតីភាព និងភាពជាម្ចាស់ឡើយ។

ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការសកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផង និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង។

សូមរម្លឹកជូនថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្ងៃនេះ គឺដើម្បីកសាងចំណងទាក់ទងជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផលការងារកន្លងមក និងផែនការយុទ្ធសាស្រ្តតាមនាយកដ្ឋាននិមួយៗ ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីរុញនាវាបរិស្ថានកម្ពុជា ឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច៕