2023-09-28 17:15
327

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការប្ដេជ្ញារួមគ្នា ពាក់ព័ន្ធការងារសន្ដិសុខក្នុងពន្ធនាគារ ដើម្បីធានាសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើសក្នុងសហគមន៍។

ការឯកភាពរួមគ្នានេះ ធ្វើឡើងនៅក្នុងជំនួបមួយនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងមហាផ្ទៃ រវាងនាយឧត្តមសេនីយ៍ ស ថេត និងលោកអគារនុរក្សថ្នាក់លេខ១ ឈន សាណាត។

ក្នុងនោះ លោក ឈន សាណាត បានសម្តែងនូវការចូលរួមអបអរសាទរចំពោះ នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់កិច្ចការសហការល្អនាពេលកន្លងមក។

លោកបានជម្រាបជូន នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត និងបានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងប្តេជ្ញារួមសហការគ្នាពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។

នាយឧត្តមសេនីយ៍ ស ថេត បានឯកភាព និងគាំទ្រលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នាឲ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ លោកក៏បានលើកឡើងពីកិច្ចសហការកន្លងមកក្នុងការស្រាវជ្រាវស្វែងរកទណ្ឌិតដែលបានរត់គេចខ្លួនផងដែរ៕