2023-09-28 17:27
576

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣  លោកស្រី ឈី វ៉ា អភិបាលស្ដីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ លោកស្រីអភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំ ពិតជាមានសេចក្តីសោមន្សរីករាយ ដោយបានទទួលស្វាគមន៍ ឯកឧត្ដម ឧត្ដមសនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងសូមស្វាគមន៍ ឯកឧត្តម លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំណុះយោធភូមិភាគទី៣ នៅលើទឹកដីនៃខេត្តកោះកុង នាពេលនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំង អស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមក នូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសមទ្ធិផលជាច្រើនគួរជាទីមោទកភាពបំផុត។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមរំលឹកជូនថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទិ៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ត្រង់ចំណុចទី១៧ នៃគោលនយោបាយធំៗជាអទិភាពបានកំណត់ច្បាស់អំពីការការពារជាតិ ដូចខាង
ក្រោម ៖
១-ពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យរឹងមាំខ្លាំងក្លា ដែលមានកងយោធពលខេមរភូមិន្ទ ជាស្នូល ដើម្បីធានាការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ឱ្យគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនា លើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

 ២-បន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារៈ បច្ចេកទេស យុទ្ធោបករណ៍ ភ័ស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តយោធាក្នុងតំបន់ និងលើពិភពលោក ព្រមទាំងធានាចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។ លើមូលដ្ឋានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពាររាល់សមិទ្ធផលសង្គមជាតិ។

៣-អភិវឌ្ឍ ពង្រឹង និងពង្រីកកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏សំខាន់ចូលរួមក្នុងការ ថែរក្សាសន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការជួយសង្គ្រោះប្រជាជន ពេលកើតមានគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងរាតត្បាត ជាដើម។

ដូច្នេះការហ្វឹកហ្វឺននាពេលនេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើង ហើយឆ្លើយតបទៅនឹងកម្មវិធីនយោបាយសម្រាប់ ការកសាង និងការពារជាតិរបស់រាជរដ្ឋាភិបាលផងដែរ។

នៅពេលបន្តិចទៀតនេះ យោធាចារ្យ នឹងធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ល្អៗ ជូនដល់លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន ដែលមានវត្តមាននៅក្នុងវគ្គហ្វឹកហ្វឺននាពេលនេះ ដើម្បីទុកជាមូលដ្ឋានយកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពនៅក្នុងអង្គភាពរបស់ខ្លួន។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមស្នើដល់ លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញរបស់យោធាចារ្យ និងចូលរួមចែករំលែកនូវបទពិសោធន៍ ឬលើកជាសំនួរឱ្យបានជាក់លាក់ ដើម្បីយោធាចារ្យជួយឆ្លើយបំភ្លឺផងដែរ។

មុននឹងបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៣ ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះមកបំពេញបេសកកម្មនៅខេត្តកោះកុង និងសូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯកឧត្តម លោក លោកស្រីគណៈអធិបតី លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមជួបប្រទះនូវពុទ្ធពរ ទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕