ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវចុះអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទនិងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាឲ្យមានគ្រោះថ្នាក់កំរិតទាបបំផុត ។
នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ ក្រោយពីកងកម្លាំងនគរបាលជំនាញចរាចរណ៍ខេត្ត ស្រុក ក្រុង បានបញ្ចប់បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកអស់រយៈពេល២សប្តាហ៍កន្លងមកនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមបើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលតដ្ឋ អ្នកដំណើរ និងអ្នកបើកបរ យានយន្តគ្រប់ប្រភេទ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ទាំងឡាយដែលកើតចេញពិការធ្វើចរាចរណ៍ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងការចុះយុទ្ធនាការនេះធ្វើទូទាំងខេត្តបន្ទាយមានជ័យគ្រប់អធិការដ្នាននគរបាលក្រុង-ស្រុកទាំង៩នេះ ដោយឡែកការិយាល័យជំនាញចុះបើកនៅភ្លើងស្ទប់ចំនួន២ ស្ទប់ទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា និង ស្ទប់៥៣A ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែន បានថ្លែងថា ការរឹតបន្ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងដើម្បីជាការដាស់ស្មារតី ឲ្យពលរដ្ឋភ្ញាក់រលឹក ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវបង្កើនការប្រុងប្រយ័ត្ន មិនប្រមាថ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា ការណែនាំនេះ នគរបាលចរាចរណ៍ផ្លូវគោក នឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជារឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លា ជាងមុនបន្ថែមទៀត ដោយចាប់ផ្ដើមពីសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។ ជាមួយនេះលោកក៏សូមសំណូមពរនិងអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទកំពុងប្រើប្រាសផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពចរាចរណ៍ត្រូវចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ៕