2023-10-02 15:46
312

 ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរយើងនៅទូទាំងប្រទេសប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅតាមបណ្តាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ថ្នាក់ដឹកនាំខេត្តរតនគិរីបានអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅទីអារាមវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុង បានលុង ក្រោមវត្តមានរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវរួមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

 ពិធីសូត្រមន្តប្រព្រឹត្តទៅនៅល្ងាចថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួមមានការថ្វាយគ្រឿងគោរពបូជាព្រះពុទ្ធរូប សូត្រមន្តចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្តែងព្រះធម៌វិសេសទេសនា។

 លុះព្រឹកឡើងថ្ងៃ១រោចត្រូវនឹងថ្ងៃទី០១ ខែឆ្នាំដដែល ឯកឧត្តម អភិបាលខេត្ត រួមនិងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករមានសទ្ធាជ្រះថ្លាជំនឿជឿជាក់លើព្រះពុទ្ធសាសនានាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្ល នំចំណីគ្រប់មុខ រាប់បាត្រប្រគេនព្រះសង្ឃក្នុងទីអារាមខាងលើ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តានជាពិសេសដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបានបែកកាយរំលាយខន្ធទៅកាន់បរលោកទៅហើយនោះ ។ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេនទី១នេះ ។ ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង ។

 ក្នុងឱកាសនោះឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ មន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន  គ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន អង្ករ២០០គីឡូ,ទឹកសុីអ៊ីវ ១០ យួរ,ទឹកត្រី១០យួរ,មីថៃ២កេសធំ,ប្រេងឆា២ដប,អំបិល ២០ គីឡូ,ប៊ីចេង ៤គីឡូ និងប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តសរុប ៣,៨៦,៨០០០រៀល ព្រមទាំងផ្តល់ថវិកាជូនយាយជី តាជីផងដែរ៕