2023-10-06 16:10
486

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែតលានេះថា «សហរដ្ឋអាមេរិកកំពុងស្វែងរកការដាក់អនុត្តរភាពដែលដួលរលំរបស់ខ្លួននៅទូទាំងពិភពលោកហើយថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញពីរបៀបដែលលោកខាងលិច បានបាត់បង់ទំនាក់ទំនងជាមួយការពិត»។

លោកពូទីនបានប្រាប់កិច្ចប្រជុំ នៃក្លឹបពិភាក្សា Valdai នៅរមណីយដ្ឋានសមុទ្រខ្មៅ នៃទីក្រុង Sochi ថា «យើងមិនបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែផ្ទុយទៅវិញយើងកំពុងព្យាយាមបញ្ចប់វា»។

ប្រមុខវិមានក្រឹមឡាំង បាននិយាយថា «ប្រទេសលោកខាងលិចបានបង្កសង្គ្រាមដោយសារសហរដ្ឋអាមេរិកជា “អនុរក្ស” ដែលចាត់ទុកខ្លួនឯងថា ជាអាជ្ញាកណ្តាល នៃការពិតតែមួយគត់ នៅលើភពផែនដី»។

លោកពូទីនបាននិយាយថា មេដឹកនាំលោកខាងលិច បានបាត់បង់ “អារម្មណ៍នៃការពិត” ដោយសារតែអ្វីដែលគាត់បានបោះថា ជា “ការគិតបែបអាណានិគម” របស់វ៉ាស៊ីនតោន។ លោកបានចោទសួរថា តើសិទ្ធិអ្វីដែលសហរដ្ឋអាមេរិកត្រូវបង្រៀនប្រទេសផ្សេងទៀត?

ការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានផ្ទុះសង្រ្គាមដែលបានបំផ្លិចបំផ្លាញតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់ ឬរងរបួសមនុស្សរាប់សែននាក់ និងបង្កឱ្យមានការបែកបាក់ដ៏ធំបំផុត នៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច អស់រយៈពេលប្រាំមួយទសវត្សរ៍ចុងក្រោយនេះ។

ក្រុមបស្ចិមប្រទេសបានចាត់ទុកសង្រ្គាមនេះថា “ជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ” ចាប់តាំងពីការឈ្លានពានរបស់សូវៀត នៅឆ្នាំ១៩៧៩ លើអាហ្វហ្គានីស្ថាន ហើយមេដឹកនាំលោកខាងលិចបាននិយាយថា “ពួកគេចង់កម្ចាត់រុស្ស៊ីនៅលើសមរភូមិនៃអ៊ុយក្រែន។ ការវាយលុករបស់អ៊ុយក្រែនរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការទទួលបានភាពជោគជ័យនៃទឹកដីដ៏ធំ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បង្ហាញសង្រ្គាមនេះថា ជាផ្នែកនៃការតស៊ូធំជាងនេះ ជាមួយសហរដ្ឋអាមេរិក ដែលឥស្សរជនវិមានក្រឹមឡាំងនិយាយថា “មានគោលបំណងបំបែកប្រទេសរុស្ស៊ី ឱ្យដាច់ពីគ្នាដណ្តើមយកធនធានធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ហើយបន្ទាប់មកងាកទៅរកដំណោះស្រាយជាមួយប្រទេសចិន”។

អតីតចារកម្មដែលកាន់អំណាចនៅទីក្រុងមូស្គូ ធ្លាប់បានព្រមានម្តងហើយម្តងទៀត អំពីហានិភ័យនៃជម្លោះរុស្ស៊ី-ណាតូ ខណៈដែលការត្រួតត្រាក្រោយសង្គ្រាមត្រជាក់របស់បស្ចិមប្រទេស បានធ្លាក់ចុះរុស្សីចង់សម្រាកនូវភាពអាម៉ាស់ នៃការដួលរលំរបស់សូវៀត ហើយប្រទេសចិន បានឡើងឋានៈ ជាមហាអំណាច៕