2023-10-26 16:12
920

កំពង់ស្ពឺ៖ បុគ្គលផ្នែកឥណទាន ក្រុមហ៊ុនឥនទាន KEP ម្នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយបានបង្កើតឯកសារកម្ចីប្រាក់សិប្បនិម្មិត ដើម្បីបានដកប្រាក់ចំនួន ២៥លានរៀលយកទៅព្យាបាលជំងឺឪពុកចុងក្រោយបែកការ ត្រូវដេកគុក ព្រោះគ្មានលុយសងក្រុមហ៊ុន។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិកក្រុមហ៊ុនឥនទាន KEP ។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួន តាមបណ្តឹងពីតំណាងក្រុមជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុន ចំនួន ២៥,០០០,០០០រៀល។ 

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ២៥លានរៀលមែន ដោយលុយទាំងនេះទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីវិធី៕