2023-11-12 11:14
1459

បាត់ដំបង៖ ភាពចម្រូងចម្រាស់ នៃទំនាស់ដីធ្លីដ៏រ៉ាំងរ៉ៃដោះស្រាយមិនចេះចប់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករកា ឃុំដូចបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយសារមន្ត្រីនៅមូលដ្ឋាន គ្មានគោលជំហរពិតប្រាកដ និងច្បាស់លាស់ក្នុងការសម្របសម្រួល ដើម្បីស្វែងរកច្រកចេញ ក្រោមយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ប៉ុន្តែផ្ទុយទៅវិញបែរជាហ៊ាននាំគ្នាស៊ីញ៉េលើទិញ-លក់ដីជាន់គ្នា និងឯកសារផ្សេងៗបង្កឲ្យមានបញ្ហា ព្រមទាំងស្មុគញឈឺក្បាលដល់ថ្នាក់លើ។
   ជាក់ស្តែងក្រុមការងារ MSJ TV នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលនូវឯកសារមួយចំនួនចេញដោយលោកភូមិគោករកា មេឃុំដូនបា និងស្មៀនឃុំដូនបា បាននាំគ្នាស៊ីញ៉េបញ្ជាក់លើទីតាំងប្លង់ដីមួយកន្លែង មានទំហំ ១ ៦០០ហិកតា ថាមានប្លង់រឹងស្របច្បាប់របស់បុគ្គលម្នាក់ ប៉ុន្តែការពិតទីនោះ គឺជាន់លើដីរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ខណៈពួកគាត់បានដឹងយ៉ាងច្បាស់ហើយថា «ដីស្ថិតក្នុងទីតាំងដែលបង្ហាញក្នុងប្លង់នោះ កំពុងមានបញ្ហាទំនាស់ ដែលអាជ្ញាធរស្រុក និងខេត្តបង្កើតគណៈកម្មការដោះស្រាយវិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋខ្លះកំពុងរំលោភកាន់កាប់លើដីរបស់ក្រុមហ៊ុន»។
   យោងតាមប្លង់បង្ហាញទីតាំងដី ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានផ្ទៃក្រឡា ១ ៦០០ហិកតា មានចុះហត្ថលេខាដោយលោក ម៉ម សង មេភូមិគោករកា, លោក ចិន សំអន មេឃុំដូនបា និងប្រថាប់ត្រដោយលោក ចៅ ជាតិ ស្មៀនឃុំដូនបា ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដើម្បីបញ្ជាក់ថា ជាដីកម្មសិទ្ធរបស់ឈ្មោះ យ៉ាង ជូនកាង ទំហំ ១ ៣០០ហិកតា និងដីប្រជាពលរដ្ឋ ១២០ហិកតា។ ចំពោះការស៊ីញ៉េបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនេះ គឺជាការឃុបឃិតគ្នាយ៉ាងច្បាស់លាស់រវាងក្រុមឈ្មួញរកស៊ីគួកជេដី និងអាជ្ញាធរភូមិ ឃុំតែម្តង ដែលជាការរំលោភអំណាចធ្ងន់ធ្ងរ និងក្លែងបន្លំឯកសារសាធារណៈផងដែរ។
   ក្រោយពីមានការក្លែងបន្លំឯកសារ និងស៊ីញ៉េប្លង់បង្ហាញទីតាំងដីជាន់លើដីរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល និងដីរបស់ប្រជាពលរដ្ឋ ត្រូវបានបែកធ្លាយចេញមកក្រៅ មន្ត្រីដែលពាក់ព័ន្ធលើការស៊ីញ៉េនោះនាំគ្នាភ័យស្លន់ស្លោរ ក៏ធ្វើលិខិតបំភ្លឺ និងបដិសេធចោលនូវការស៊ីញ៉េបោះត្រារបស់ខ្លួននាពេលកន្លងមក ក្នុងគោលបំណងមិនទទួលខុសត្រូវ ហើយរុញ និងបាចទឹកដាក់គ្នាថា ព្រោះតែជឿតាមពាក្យសម្តីគេនិយាយប្រាប់ដោយមិនបានចុះសិក្សា និងស្រាវជ្រាវច្បាស់លាស់ទៅវិញ។ 
   លិខិតមួយច្បាប់របស់ លោក ចិន សំអន មេឃុំដូនបា ដែលអង្គភាពយើងទទួលបាននៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដាក់ជូនទៅលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ដោយបានធ្វើការបដិសេធចោល «ការចុះហត្ថលេខាប្លង់បង្ហាញទីតាំងដីកសិកម្ម ០១កន្លែង ស្ថិតក្នុង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង»។
  លោកមេឃុំដូនបា បានបញ្ជាក់ជូនលោកអភិបាលស្រុកគាស់ក្រឡ តាមរយៈលិខិតនោះថា៖ «ប្លង់បង្ហាញទីតាំងដីកសិកម្ម ០១កន្លែង ទំហំ ១ ៦០០ហិកតា ស្ថិតនៅចំណុចភ្នំតូច ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានចេញ លេខ ៧២៦/២៣ ចុះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលឃុំដូនបា គឺស្ថិតលើដីទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល»។ 
  លិខិតរបស់លោកមេឃុំ ក៏បានបន្ថែមថា៖ ការចុះ ហត្ថលេខាលើប្លង់បង្ហាញទីតាំងដីខាងលើ របស់អាជ្ញាធរភូមិ ឃុំកន្លមមក ដោយមូលហេតុ ឈ្មោះ ហ៊ូ ចំរើន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ  បាននិយាយប្រាប់អាជ្ញាធរភូមិ-ឃុំថាប្លង់បង្ហាញទីតាំងដីកសិកម្ម ខាងលើនេះ គឺជាដីប្លង់រឹងទាំងអស់ ស្ថិតនៅចំណុចក្បាលដំរី ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលពុំមានទំនាស់ទេ ជាដីកម្មសិទ្ធរបស់ឈ្មោះ យ៉ាង ជួនកាង ទំហំដី ១ ៣០០ហិកតា និងដីប្រជាពលរដ្ឋ ទំហំ ១២០ហិកតា ហើយម្យ៉ាងវិញទៀត ដោយអាជ្ញាធរភូមិ ឃុំពុំមានមន្ត្រីជំនាញក្នុងការពិនិត្យលើនិយាមការជឿតាមឈ្មោះ ហ៊ូ ចំរើន មួយពេលទើបចុះហត្ថលេខា ដូច្នេះរដ្ឋបាលឃុំ សម្រេច «និរាករណ៍ទុកជាមោឃ:ការចុះហត្ថលេខាលើប្លង់បង្ហាញទីតាំងដីខាងលើនេះ»។
   ក្នុងនាមខ្លួនជាអាជ្ញាធរភូមិ-ឃុំជាអាណាព្យាបាល ឪពុកម្តាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនពិតជាបានដឹងច្បាស់ណាស់ថា ទីតាំងដីធ្លីក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ដីណាប្លង់កម្មសិទ្ធស្របច្បាប់ ដីធ្លីមានម្ចាស់គ្រប់គ្រង ឬដីណាកំពុងមានទំនាស់មិនគួរស៊ីជាន់គ្នាបង្កឲ្យកាន់តែមានភាពស្មុកស្មាញ បង្កទំនាស់ ពិបាកក្នុងការដោះស្រាយ ព្រោះតែទទួលបានផលលាភខ្លះៗពីថ្លៃទឹកប៊ិច «បិទភ្នែកស៊ីញ៉េទាំងងងើយ» ហើយអ្នករងគ្រោះពិតប្រាកដក គឺប្រជាពលរដ្ឋ កើតជម្លោះកាប់ចាក់គ្នា ព្រោះតែការស៊ីញ៉េប្រថាប់ត្រារបស់អស់លោកអាជ្ញាធរភូមិ-ឃុំ និងមន្ត្រីស្មៀនខ្វះវិជ្ជាជីវៈបែបនេះ។
   ជុំវិញរឿងស៊ីញ៉េប្លង់ដីបង្ហាញទីតាំងដីកសិកម្ម ទំហំ ១ ៦០០ហិកតា ជាន់លើដី ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល និងដីរបស់ប្រជាពលរដ្ឋ ខាងលើនេះ លោក ចៅ ជាតិ ស្មៀនឃុំដូនបា ក៏បានសរសេរលិខិតបំភ្លឺដាក់ជូនទៅលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡថា «តាមពិត ដីទំហំ ១ ៦០០ហិកតានោះ មេភូមិ មេឃុំ បានប្រាប់លោកថា ជាប្លង់កម្មសិទ្ធរបស់ឈ្មោះ យ៉ាង ជូនកាង រស់នៅភ្នំពេញ មានទំហំ ១ ៣០០ហិកតា និងដីប្រជាពលរដ្ឋ ទំហំ ៣០០ហិកតា ជាដីមានប្លង់រឹងទាំងអស់ ស្ថិតត្រង់ចំណុច ក្បាលដំរី ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ គ្មានទំនាស់ទេ ទើបហ៊ានវាយត្រា និងចុះហត្ថលេខា»។
  លោកស្មៀនឃុំដូនបា បានបញ្ជាក់ក្នុងលិខិតថា «ប្រសិនបើលិខិតបញ្ជាក់ពីរជាន់លើដីទំនាស់របស់ក្រុមហ៊ុន អេហ្គ្រីនខលឈ័រ ហ្គ្រីន ហ្វៀល មែនលោកសូមបដិសេធចោលទាំងអស់»។
  សូមជម្រាបថា លោក ម៉ម សង មេភូមិគោករកា, លោក ចិន សំអន មេឃុំដូនបា ធ្លាប់កើតមានរឿងរ៉ាវអាស្រូវច្រើនណាស់ពាក់ព័ន្ធករណីស៊ីញ៉េវ៉ៃត្រាលើលិខិតលក់-ទិញជាន់គ្នា ក្នុងនោះមានករណីមួយស៊ីញ៉េលក់ដីជាន់លើដីរបស់លោកអភិបាលរងស្រុកបាណន់ម្នាក់ ទៅឲ្យអ្នកដ៏ទៃត្រូវបានត្រូវលោកអភិបាលរងស្រុករងគ្រោះប្តឹងទៅរដ្ឋបាលខេត្តបាត់ដំបង ដោះស្រាយសម្របសម្រួលគ្នាបញ្ចប់រឿង ដោយលោកមេភូមិ ម៉ម សង និងលោកមេឃុំ ចិន សំអន ទទួលកំហុស និងយល់ព្រមសងលុយប្រមាណជិត ១ម៉ឺនដុល្លារ ជូនលោកអភិបាលរងស្រុកបាណន់ ប៉ុន្តែរហូតពេលនេះមិនទាន់បានសងគ្រប់ចំនួននៅឡើយទេ គឺសងតែពាក់កណ្តាលជាចំណែកលោកមេភូមិ ពាក់កណ្តាលទៀតជាការទទួលខុសត្រូវរបស់មេឃុំមិនទាន់សងនៅឡើយទេ។
  តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានលើកឡើងថា «បញ្ហាទំនាស់ដីធ្លីក្នុងភូមិសាស្ត្រ ភូមិគោករកា ឃុំដូនបានេះ ភាគច្រើនមកពីអាជ្ញាធរភូមិ-ឃុំហ្នឹងចេះតែស៊ីញ៉េលើលិខិត-លក់ទិញជាន់គ្នា ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់នោះទេ ទើបបង្កឲ្យមានបញ្ហាមិនចេះ មិនចេះហើយ ព្រោះអាជ្ញាធរខ្វះភាពទទួលខុសត្រូវក្នុងអនុវត្តតួនាទី ភារកិច្ចក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋ នៅពេលមានបញ្ហាអាងអីធ្វើលិខិតបដិសេធចោល។ អញ្ចឹងឲ្យបានផលលាភបន្តិបន្តួចនាំគ្នាចេះតែស៊ីញ៉ា រួចពេលមានរឿងក៏បដិសេធចោលវិញ ដូច្នេះឲ្យពលរដ្ឋសង្ឃឹម និងជឿទុកចិត្តដូចម៉េច!»។
  តាមប្រភពព័ត៌មាន ពាក់ព័ន្ធមេភូមិគោករកា ឈ្មោះ ម៉ម សង និងលោក ចិន សំអន មេឃុំដូនបា នេះ អាជ្ញាធរស្រុកក៏ដូចជាខេត្តធ្លាប់យោគយល់ និងអនុគ្រោះទោសកំហុសឲ្យច្រើនណាស់ ប៉ុន្តែមិនរៀងមិនចាលឡើយ ប្រព្រឹត្តកំហុសដដែលៗ។
  ពាក់ព័ន្ធបញ្ហានេះ មហាជនក៏ដូចជាប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនស្នើសុំដល់អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតលើបញ្ហាមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច ចេះតែស៊ីញ៉េតែផ្តេសផ្តាសរួចហើយអាងអីនិរាករណ៍លិខិតដែលខ្លួនបានចេញចាស់នោះចោលវិញ ក្លាយទៅប្រពៃណី និងទម្លាប់អាក្រក់ដដែល៕