2023-11-22 16:17
468

ក្វាងតុង៖ សកម្មភាពហ្វឹកហ្វឺនរួមគ្នាអស់រយៈពេល ០៩ថ្ងៃ នៃការធ្វើសមយុទ្ធពហុសាសន៍ ដែលមានឈ្មោះថា «សន្តិភាព មិត្តភាព ឆ្នាំ២០២៣» នៅក្រុងចាំងជាំង ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន បានបិទបញ្ចប់ប្រកដោយជោគជ័យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពមេបញ្ជាការជាន់ខ្ពស់ នៃបណ្តាប្រទេសចូលរួម ចំនួន ០៦ រួមមាន៖ ចិន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងវៀតណាម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព ឆ្នាំ២០២៣» នេះបានថ្លែងអំណរគុណកងទ័ពរំដោះប្រជាជនចិន ដែលបានផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះសមយុទ្ធនេះឡើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសនៅក្នុងតំបន់ សំដៅជំរុញកិច្ចសហប្រតិបត្តិការយោធា និងចក្ខុវិស័យសន្តិសុខរួមក្នុងតំបន់។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃការធ្វើសមយុទ្ធរួមគ្នានេះថា «ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងកងទ័ពទាំង ៦ប្រទេស ដែលបានចូលរួម ហើយពិតជាផ្តល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ព ដូចជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក របៀបដឹកនាំបញ្ហាយុទ្ធវិធីផ្សេងៗគ្នា យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ»។ 

ចំពោះសមយុទ្ធនេះ ក៏បានធ្វើឱ្យកងទ័ពពង្រឹងបាននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួលរស់នៅ និងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ អន្តរជាតិ ចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានជាយថាហេតុ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្តែងការជឿជាក់ថា៖ សមយុទ្ធពហុសាសន៍ «សន្តិភាព មិត្តភាព» នេះនឹងបន្តរីកចម្រើនជាលំដាប់ និងមានការចូលរួមពីបណ្តាប្រទេសនានានៅក្នុងតំបន់កាន់តែច្រើនថែមទៀតនាពេលអនាគត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

តាមសេចក្តីរាយការណ៍ថា នេះជាលើកទីមួយដែលប្រទេសចិន បានរៀបចំធ្វើសមយុទ្ធ «សន្តិភាព មិត្តភាព» នេះឡើង និងមានប្រទេសជាច្រើនចូលរួម ក្នុងគោលបំណងលើកកំពស់សមត្ថភាពភាគីដែលចូលរួមសម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅទីក្រុង ដែនសមុទ្រ ប្រតិបត្តិការប្រឆាំងការលួចឆ្លងដែន ដើម្បីបង្កើនទំនុកចិត្តគ្នាខាងយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង៕