2023-11-27 05:11
382

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចស្រុកសំពៅលូន បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពយកកាំបិតកាប់ទៅលើម៉ូតូ០១គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

ករណីឃាត់ខ្លួនក្រុមក្មេងទំនេីងទាំងនេះ បានធ្វេីឡើងនៅថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង២០នាទី ស្ថិតនៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង មានករណីហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ម៉ូតូ) មួយកើតឡើង ទៅលើជនរងគ្រោះ ១.ឈ្មោះ រឿត សុខជា ភេទប្រុស អាយុ ១៥ ឆ្នាំ និង២.ឈ្មោះ ដន ឧត្តម ភេទប្រុស អាយុ ១៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០១ក្រុម មានគ្នាចំនួន ០៥នាក់៖

១.ឈ្មោះ តុង ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
២.ឈ្មោះ វីហ្គោ ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣.ឈ្មោះ ស៊ូ មីថិត ហៅ ធីត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
៤.ឈ្មោះ សាំ សុមុនថង ហៅ តកម៉ក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

៥.ឈ្មោះ ធី ថាត់ថៃ ហៅថៃ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង បានធ្វើសកម្មភាពជិះម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ប្រដាប់ដោយកាំបិត រួចចុះរត់ដេញកាប់ជនរងគ្រោះទាំពីរនាក់ខាងលើ ជនរងគ្រោះក៏បានរត់ចូលទៅក្នុងផ្ទះគេ ជនសង្ស័យក៏បានយកកាំបិតកាប់ទៅលើម៉ូតូជនរងគ្រោះ ដែលទុកនៅចិញ្ចើមផ្លូវ មុខកន្លែងលក់ខោអាវ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ស សេរីឆ្នាំ២០២២ បណ្តាលឲ្យខូចខាតក្បាលម៉ូតូ និងអាវខាងមុខ ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋានស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុកសំពៅលូន បានចុះ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ ១.ឈ្មោះ ស៊ូ មីថិត ហៅធីត ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ សាំ សុមុនថង ហៅតកម៉ក់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង៣.ឈ្មោះ ធី ថាត់ថៃ ហៅថៃ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង។ 

សមត្ថកិច្ចបាននាំខ្លួនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាព បានប្រើប្រាស់កាំបិតកាប់ទៅលើម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ សមត្ថកិច្ចបានអោយដឹងថា មូលហេតុដោយជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ។ 

វត្ថុតាងដកហូតរួមមាន៖ កាំបិតចំនួន ០១ដើម, និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខ (គ្មាន) ចំនួន០១ គ្រឿង ។

ករណីនេះ ជនសង្ស័យខាងលើត្រូវកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕