2023-12-05 08:12
504

ភ្នំពេញ៖     សំណុំរឿងនារីស្រស់ស្អាតហាយសូរម្នាក់ ដែលស្រវឹងស្រាជោគជាំបើករថយន្តបុកម៉ូតូ ០១គ្រឿង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈពេលនេះតំណាងអយ្យការកំពុងសាកសួរ និងចាត់ការតាមនិតិវិធី។

តាមប្រភពព័ត៌មានពីមន្ត្រីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ករណីនារីស្រស់ស្អាតបើករថយន្តបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់ខាងលើ តំណាងអយ្យការកំពុងដំណើរការសាកសួរតាមនិតិវិធី។

សូមជម្រាបថា កាលពីវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅត្រង់ចំណុច មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោចិនតុង) តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តស៊េរីទំនើប ០១គ្រឿង បុកម៉ូតូអគ្គិសនី (អាគុយ) បណ្តាលឲ្យអូសជាច្រើនម៉ែត្រហើយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗតែម្តង។

តាមរបាយការណ៍បានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាក់ FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 2BW-0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ និងរួមដំណើរប្រុស-ស្រីបីនាក់ទៀត។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លើឥវ៉ាន់ក្នុងប្រលានយន្តហោះពោធិ៍ចិនតុង រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូ ជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ បើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ខណៈពេលពេលនោះស្រាប់តែមានរថយន្ត ម៉ាក់ FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 អ្នកបើកបរក្នុងស្ថានភាពស្រវឹងរេពេញផ្លូវបានបុកម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្មបំផុត។

ក្រោយបង្គគ្រោះនារីស្រស់ស្អាតអ្នកបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅប៉ុស្តិ៍កាន់នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំ និងបន្តតាមនិតិវិធី។
បច្ចុប្បន្ន នារីស្រស់ស្អាតបើកបររថយន្តទាំងខ្លួនស្រវឹងជោគជាំបង្កគ្រោះថ្នាក់រហូតជនរងគ្រោះបាត់បងជីវិតកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕