2023-12-08 17:41
332

កោះកុង  ៖    ថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣  លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២៣ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ កោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ តាងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង សូមសម្តែងនូវបដិសណ្ឋារកិច្ច និងស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការ ចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២៣ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ ផលិតផលភូមិមួយផលិតផលមួយ នាពេលនេះ។ ជាមួយគ្នានេះ នាងខ្ញុំ សូមស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះវត្តមាន ឯកឧត្តមអគ្គលេខាធិការរង អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព លោក លោកស្រីផលិតករ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលដ៏មានតម្ល អញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ជាដំបូង ខ្ញុំសូមសំដែងនូវការកោតសរសើរ និងសូមអរគុណចំពោះក្រុមការងារគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកោះកុង ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការចងក្រងសមាជិក ចលនាភូមិមួយផលិតផលមួយឆ្នាំ២០២៣ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយ នាពេលនេះ ប្រកបដោយភាពល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់។

នាងខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងលើការបណ្តុះបណ្តាល និងបំពាក់បំប៉ន លើការងារចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ នាពេលកន្លងមក។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២ កន្លងទៅ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលរួចមក ក្រុមការងារលេខាធិការនៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកោះកុង បានចុះប្រមូលសមាជិកចលនាភូមិមួយផលិតផលមួយ និងចងក្រងផលិតករ ដែលសូមចុះឈ្មោះចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីស្នើសូមគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ពិនិត្យ និងវាយតម្លៃ ហើយជាលទ្ធផល ផលិតផលខ្មែរដែលមានសក្តានុពលក្នុងខេត្តកោះកុងចំនួន៤៤មុខ ត្រូវបានទទួលស្គាល់ជាផលិតផល ភូមិមួយផលិតផលមួយខេត្តកោះកុង។ ការពិនិត្យ និងវាយតម្លៃលើផលិតផលទាំងនេះ ត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៤ គឺ ទី១. ត្រូវឆ្លើយតបទៅនឹងនិយមន័យផលិផលភូមិមួយ ផលិតផលមួយ ទី២.មានការកែច្នៃដោយបង្កប់គំនិតច្នៃប្រឌិត ទី៣.មានសក្តានុពលពាណិជ្ជកម្ម និងទី៤. មានសារៈសំខាន់សេដ្ឋកិច្ចសម្រាប់សមូហភាព។

ឯកឧត្តម អស់លោក លោកសី្រ ការងារជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម ការកែច្នៃ ឬអភិវឌ្ឍ និងលក់នៅលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស និងកិត្តិនាមពីផលិតផលដែលខ្លួនបានផលិត ជាពិសេសរួមចំណែកកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ជាការពិតណាស់ ការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ពិតជាមានសារៈសំខាន់ណាស់ ដល់ការអនុវត្តគោលនយោបាយជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ព្រោះបានផ្តល់នូវលទ្ធភាព ឱ្យយើងអាចប្រមូលផ្ដុំផលិតករបាន ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា និងអាចដាក់ចេញនូវ សកម្មភាពអន្តរាគមន៍មានប្រសិទ្ធភាព។ ជាមួយគ្នានេះការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍ ជាពិសេស កសិករ សិប្បករ សេវាករ និងឧស្សាហករខ្នាតតូច និង មធ្យមនៅទូទាំងប្រទេស ក្នុងការអនុវត្តគោលនយោបាយនេះ នឹងធ្វើឱ្យសម្រេចបានជោគជ័យ ស្របតាមការចង្អុលណែនាំរបស់រាជរដ្ឋាភិបាល ។