2023-12-24 10:55
323

ភ្នំពេញ៖ ក្រុមប្រតិបត្តិការពន្លត់អគ្គិភ័យដែលឆេះអគារខារ៉ាអូខេឈ្មោះ «SKY CITY» ដោយប្រើរយៈពេល ០៣យប់០៤ថ្ងៃ ទើបគ្រប់គ្រងស្ថានការណ៍ និងបាញ់ទឹកពន្លត់បានទាំងស្រុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ។
    អគារខារ៉ាអូខេឈ្មោះ «SKY CITY» ដែលការឆេះខាងលើ ស្ថិតតាមបណ្តោយផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣ ០០០ឡាន ស្មើរនឹង ១២ ០០០ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ រួមមាន៖ 
- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥គ្រឿង ប្រើប្រាស់អស់ ចំនួន ៤៨ឡានស្មើនឹង ១៩២ម៉ែត្រគូប, 
- រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៣២០ឡាន ស្មើនឹង ១២៨០ ម៉ែត្រគូប, 
រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៥០ឡាន ស្មើនឹង ២០០ម៉ែត្រគូប, 
- រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ២៦២ ឡាន ស្មើនឹង ១០៤៨ ម៉ែត្រគូប, 
- រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ៣០ ឡាន ស្មើនឹង ១២០ម៉ែត្រគូប, 
- រថយន្តអគ្គិភ័យ ៧១១ ចំនួន ០៤ គ្រឿង ប្រើប្រាស់អស់ចំនួន ៥០ ឡាន ស្មើនឹង ៥០០ ម៉ែត្រគូប, 
- រថយន្តអគ្គិភ័យកងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៩១១ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១៨ ឡាន ស្មើនឹង ៧២ ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យ បុរីប៉េងហួត ចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ឡានស្មើនឹង ៣០ ម៉ែត្រគូប។
   អគារខារ៉ាអូខេឈ្មោះ «SKY CITY» អគ្គិភ័យបានឆាបឆេះអស់រយៈពេល៣យប់៤ថ្ងៃ គិតចាប់ព្រឹកថ្ងៃទី២០ រហូតដល់ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។
   សមត្ថកិច្ចបានឲ្យដឹងថា អគារ Sky City កម្ពស់ ៥ជាន់ ដែលកំពុងដំណើរការសាងសង់ហើយប្រតិបត្តិការជួយសង្គ្រោះមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។
   តាមរបាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៣យប់៤ថ្ងៃនេះ កម្លាំង    សមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៥២គ្រឿង និងប្រើប្រាស់ទឹកសរុប ចំនួន ៣ ៧៩៧ឡាន ជាមួយកម្លាំងសរុបរួមក្នុងប្រតិបត្តិការសង្គ្រោះជាង ៤០០នាក់។
    បន្ទាប់ការត្រូវគ្រប់គ្រងបានទាំងស្រុងលើករណីអគ្គិភ័យនេះហអណាក្តី នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ដដាក់កម្លាំងការិយាល័យជំនាញ ដើម្បីប្រចាំការមួយយប់ទៀតនៅកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានចន្លោះប្រហោងដោយប្រការណាមួយ ឬអាចនៅសេសសល់រងើកភ្លើងដែលអាចបង្កជាអគ្គិភ័យឡើងវិញ ខណៈកម្លាំងបណ្ដាអង្គភាពផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យវិលចូលអង្គភាពវិញ។
    ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះកងកម្លាំងសង្គ្រោះគ្រប់បណ្ដាអង្គភាពទាំងអស់ ដែលរួមសហការគ្នាបានយ៉ាងល្អ ទើបឈានទៅគ្រប់គ្រងបានទាំងស្រុងនៅករណីអគ្គិភ័យមួយនេះ។ លោកបានចាត់ទុកថា នេះជាបទពិសោធន៍មួយបន្ថែមទៀត សម្រាប់កម្លាំងសង្គ្រោះ ដោយហេតុថា ទីតាំងអគារនេះមានភាពស្មុគស្មាញ់ និងលំបាកក្នុងការចូលទៅសង្គ្រោះ៕