2023-12-24 10:59
255

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
    សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១ ខែធ្ន ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកងកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃប្រុស-ស្រីចំនួន០២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចអគារស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ 
    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ នីតតាយ៉ា ស៊ីងកែវ ហៅវ៉ាន់ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិថៃ មុខរបរលក់ផលិតផលតាមអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ វុទ្ធីឆៃ សែងវ៉ា ហៅ ជេជេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។
   សម្ភារៈវត្ថុតាងចាប់បានរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០១កូនថង់កិប ទម្ងន់ ១,៥៤ក្រាម , គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣កូនថង់កិប ស្មើនឹង ៧៩គ្រាប់ ទម្ងន់ ៨,៨៣ក្រាម ,ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ស), បណ្តោងលោហៈធាតុរូបព្រះ ចំនួន ០៤, ផ្លាស់ (USB 32G) ចំនួន ០១,អត្តសញ្ញាណប័ណ្ណសញ្ចាតិថៃ ចំនួន ០១សន្លឹក, កាតធនាគារថៃ ចំនួន ០១សន្លឹក,កាបូបស្ពាយពណ៌ត្នោត ចំនួន ០១។ 
    លោកបន្តថា ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខថាមានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលេី លោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុភ្លាមៗ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
   ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង២នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 
   លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 
   ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕