2023-12-24 19:02
451

ភ្នំពេញ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍កូនប្រុសរបស់មេធាវីម្នាក់ បើករថយន្តបុកជនរងគ្រោះស្លាប់ នៅខណ្ឌទួលគោក ពេលនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។

នៅរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក ប៉េង ម៉េងគ័ង ក្រុមអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថាៈ «ករណីនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តំណាងអយ្យការនៅឡើយ។ ចំពោះចំណាត់ការចុងក្រោយបែបណាលោកនឹងជូនព័ត៌មានបន្ថែមនៅពេលក្រោយ»។

ក្រុមអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនបន្ថែមថាៈ មកដល់ពេលនេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរលើ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ពីបទៈ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ» និង បទៈ «រត់គេចខ្លួន តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌរួចហើយ»។

សូមជម្រាបថា សំណុំរឿងជនសង្ស័យឈ្មោះព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២D ផ្លូវលេខ ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធករណីបើកបររថយន្តបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗ ត្រូវបានមន្ត្រីជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅវេលាម៉ោងជាង ១១ថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ឪពុក ម្តាយ ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាអ្នកបើកបររថយន្ត Jeep Overland ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB-9963 បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់ កាលពីពេលកន្លងទៅថ្មីៗនេះ បាននាំកូនរបស់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសារភាពកំហុស។

សូមរំឭកថា រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បេីកបុក​ជនរងគ្រោះ​ ជិះម៉ូតូ​បណ្ដាលអោយ​ស្លាប់​នៅ​ ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ម្ចាស់​រថយន្តជាប្រពន្ធ​លោក​មេធាវី​មាន​ទីលំនៅ​ផ្ទះ​លេខ​ ៥២ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​១៣​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។ ចំពោះ​អ្នក​បេីកបររថយន្ត​បុកគេស្លាប់នេះ​ ត្រូវជា​កូនប្រុស​លោកស្រី​ សុខ​ លីណា​ ព្រោះតាម​ ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​រថយន្ដ​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​ ធ្វេីការនៅ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​៕