2023-12-26 18:13
371

 

ឯកឧត្តម ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចំៗឲ្យទៅលោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ថាៈ «បើចង់​​ឲ្យព្រះអង្គ​ព្រះធម្មវនវាសី ចន្ទមុន្នី ទៅ​បក់ផ្លិត​ហៅភ្ញៀវ​ទេសចរណ៍​ ទាល់តែ​លោក​លាលែង​តួនាទី​ មុខតំណែង​ពី​អភិបាល​រងខេត្ត​ ហើយ​ប្រគល់​តួនាទី​ដឹក​នាំ​ឲ្យមកព្រះអង្គម្ដងទៅ​!»

 ការលើកឡើងរបស់ លោក ហ៊ុន ជា ធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅលើគេហទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីឃើញមានការបង្ហោះនូវពាក្យពេជ្រមួយចំនួនរបស់លោកអភិបាលរងខេត្តព្រះសីហនុម្នាក់ មិនសមរម្យក្នុងគោលបំណងវាយប្រហារមកលើព្រះសង្ឃធុតង្តចន្ទមុន្នី យកទៅប្រៀបធៀបជាមួយប្រទេសដទៃពាក់ព័ន្ធនឹងរឿងរឿងភ្ញៀវទេសចរណ៍។ 

 យោងតាមគណនីហ្វេសប៊ុក របស់លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានសរសេរថាៈ «សូមអញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត បើខ្លាំងពូកែមែន សូមអន្ទងចិត្តប្រជាជនទូទាំងពិភពលោកឲ្យមកទេសចរណ៏ ប្រទេសកម្ពុជា បើមិនបានជាប់លេខ១ ដូចថៃ សូមត្រឹមលេខ ២០បាតតារាង»។ 

 ក្រោយមានការបង្ហោះនូចខ្លឹមសារនេះភ្លាម លោក ហ៊ុន ជា បានសរសេរសារតមយ៉ាងដូច្នេះថាៈ ចាប់​តាំង​ពី​មាន​វត្តមាន​ព្រះអង្គ​ ចន្ទមុន្នី​ មក​ ប្រជាពលរដ្ឋ​ ដែល​កាន់​សាសនា​ព្រះពុទ្ធ​ បានគាំទ្រ​ព្រះអង្គ​ភ្លូកទឹកភ្លូកដី​។ ការ​គាំទ្រ​ព្រះអង្គ​ភ្លូកទឹកភ្លូកដី​បែបនេះ​ ធ្វើ​ឲ្យវត្តមានមាបានកើតមានឡើងជាហូរហែរ​។  តែ​មាទាំងនោះ​មិនមែន​ជា​មន្ត្រី​រាជការ​ទេ​ ភាគច្រើន​ក្រុម​ច្រណែន​ព្រះអង្គ​។ 

 ឯកឧត្តម ហ៊ុន ជា ក្មួយប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថាៈ ឥលូវ​នេះ​សូម្បីតែ​ លោក​ អ៉ី​ សុខឡេង​ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ ក៏តាម​ផ្ចាញ់ផ្ចាល​ព្រះអង្គ​ដែរ​ តើ​ព្រះអង្គ​ចន្ទមុន្នី​ខុស​អី​? ព្រះអង្គ​មិនដែល​អួតអាងថា​ «ព្រះ​អង្គមាន​បុណ្យ​បារមី​អីទេ​ ព្រះអង្គ​ផ្ដល់​តែ​ពុទ្ធ​ឱវាទ​តាម​ផ្លូវ​ព្រះ​ពុទ្ធសាសនា​ជូនដល់​ ពុទ្ធបរិស័ទ​តែប៉ុណ្ណោះ​» 

 លោក ហ៊ុន ជា សរសេរបន្ថែមៈ ចំពោះការកាន់​ផ្លិត​ជា​និស្ស័យ​របស់​ព្រះអង្គ​ ហើយ​ផ្លិត​នេះ​គ្មាន​បារមី​អីទេ​ ហេតុ​អ្វី​? ក្នុង​នាម​លោក​ជា​អភិបាល​រងខេត្ត​មួយរូប​បែជា​មក​ផ្ចាញ់ផ្ចាល​រឿង​ព្រះអង្គ​ទៅវិញ​? 

 លោក ហ៊ុន ជា បានលើកឡើងយ៉ាងដូច្នេះថាៈ រឿង​ភ្ញៀវ​ទេសចរណ៍​មកលេង​តិច​ ឬ​មកលេងច្រើន​ អាស្រ័យ​ទៅលើស្ថានភាព​សេដ្ឋកិច្ច​សាកល​ មិនមែន​សម្រាប់​កម្ពុជា​ដោយឡែក​ទេ​។ ចង់​បាន​ភ្ញៀវទេសចរ​បរទេស​មកលេងច្រើន​ ក្នុង​នាម​លោក​ជា​អភិបាល​រងខេត្ត​ គួរតែសួរខ្លួនឯង​ថា ហេតុអ្វីបាន​គេមិនមកលេង​?  លោក​មាន​តួនាទី​មាន​បុណ្យ​ស័ក្ដិ​ មាន​អំណាច​ ចាត់ចែង​កិច្ចការ​ទាំងនេះ​ មិនមែន​ព្រះអង្គ​ទេ​។ 

 ឯកឧត្តម ហ៊ុន ជា សរសេរបញ្ជាក់លើគណនីហ្វេសប៊ុកលោកថាៈ បើចង់​ឲ្យព្រះអង្គ​ទៅ​បក់ផ្លិត​ហៅភ្ញៀវ​ទេសចរណ៍​ ទាល់តែ​លោក​ [អ៊ី សុខឡេង] លាលែង​តួនាទី​ មុខតំណែង​ពី​អភិបាល​រងខេត្ត​ ហើយ​ប្រគល់​តួនាទី​ដឹក​នាំ​ឲ្យមកព្រះអង្គម្ដងទៅ​។

 លោក ហ៊ុន ជា បញ្ជាក់ថាៈ រាស្ត្រ​និយាយ​លើសខ្វះតិចតួច​មិនជា​បញ្ហា​ តែ​លោក​ជា​មន្ត្រី​ មុននឹង​និយាយ​ សូមគិតគូរ​ពីលទ្ធផលជះត្រលប់មកវិញផង​។ ការងារ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មិនមែន​ការងារ​ព្រះសង្ឃ​ទេ​ តែ​ជាការងារ​របស់​អស់​លោក​ជាមន្ត្រី​រាជការ​៕