ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ក្នុងវិស័យសាធារណៈ ឆ្លើយតបទៅនឹងបំណងរបស់ពលរដ្ឋ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងខេត្តក្រចេះ ។ និងសូមឲ្យបន្តពង្រឹងនិងពង្រីកនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស រួមមាន ៖ មេឃុំ-ចៅសង្កាត់.ស្មៀន.មេភូមិ.មេប៉ុស្ត៍ រួមនិងមណ្ឌលសុខភាព ដែលជាគោលដៅរបស់ប្រជាពលរដ្ឋ និងជាស្នូលសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
នេះជាប្រសាសន៍កលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៣ ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា ៖ ការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់គឺទទួលបានមកវិញជាមួយការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ និងការគាំទ្រ ចំពោះរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំប្រទេស ឲ្យមានអភិវឌ្ឍឱ្យរីកចម្រើនរុងរឿងកាន់តែខ្លាំងឡើង ។ ហើយការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ក៏មានផែនការការដាក់ចេញ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍ ប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានជម្រុញបន្ថែមដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃខេត្តក្រចេះ ត្រូវបន្តតាមដាននូវសភាពការនយោបាយក្នុងប្រទេស -ត្រូវពង្រឹងការផ្សព្វផ្សាយ និងពង្រីកនូវបច្ចេកទេសការដាំដុះកែច្នៃនូវផលិតផល ដើម្បីរក្សាតុល្យភាព និងលើកកម្ពស់ផលិតផលក្នុងស្រុក -បន្តថែរក្សាការពារនូវធនធានធម្មជាតិជីវ:ចម្រុះ ពិសេសធនធានកម្រដែលជាចំណុចនៃកំណើនសេដ្ឋកិច្ចលើវិស័យទេសចរណ៍ និងបន្តរក្សានិងរុករកនូវសម្បតិ្តបេតិក្ខភណ្ឌបន្ថែមទៀត ដើម្បីឲ្យវិស័យទេសចរខេត្តកាន់តែមានភាពទាក់ទាញសម្បូរបែប ៕
ណូរិទ្ធ (ក្រចេះ)