2023-12-29 15:11
294

ខេត្តព្រះសីហនុ÷បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធនឹងទីតាំងល្បែងសុីសងជ្រកក្រោមស្លាកយីហោ លីហាងកាស៊ីណូនិង Resort ពេលនេះបែកធ្លាយព័ត៌មានមួយទៀតថា ទីតាំងខាងលើនេះ គ្មានអាជ្ញាប័ណ្ណបើកកាស៊ីណូត្រឹមត្រូវនោះទេមានន័យថាគ្មានច្បាប់តែម្ដងពោលគឺលួចឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ។  តើម្ចាស់ លីហាងកាស៊ីណូនិងResortមានសិទ្ធិអំណាចអ្វីធំម៉្លេះបានជាហ៊ានបើកកាស៊ីណូគ្មានច្បាប់នៅលើទឹកដីទីក្រុងព្រះសីហនុដែលជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់បើកដំណើរការឲ្យខ្មែរចូលលេងម៉ាសេរីមិនកោតញញើតនិងមិនខ្វល់នឹងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុឡើយ។
   ពលរដ្ឋសុំមិនបញ្ចេញឈ្មោះដែលបានស្គាល់ទីតាំងនេះច្បាស់ដូចបាតដៃបានប្រាប់មកអ្នកសារព័ត៌មានយើងថាជារៀងរាល់ថ្ងៃគាត់សង្កេតឃើញថាពលរដ្ឋខ្មែរពពាក់ពពួនសម្រាប់ចូលលេងក្នុងកាស៊ីណូនេះដូចគេហែរបុណ្យកឋិនយ៉ាងដូច្នេះដែរ។ពលរដ្ឋបន្តទៀតថាបើធ្វើយ៉ាងនេះភូមិឃុំនិងកើតអសន្តិសុខចោរលួចចោរឆក់ចោរប្លន់វានឹងកើតមានពាក្យពេញនៅលើទឹកដីក្រុងព្រះសីហនុជាក់ជាមិនខាន។ម្យ៉ាងវិញទៀតនៅពេលខាងមុខអាជ្ញាធរត្រៀមនិងទទួលពាក្យបណ្ដឹងជម្លោះនៅក្នុងគ្រួសារឲ្យហើយទៅបើយ៉ាងៗនេះ។
   គួររំលឹកផងដែរថាសមត្ថកិច្ចនិងអាជ្ញាធរយកចិត្តទុកដាក់បង្ក្រាបវង់ល្បែងស៊ីសងដូចជាប្រជល់មាន់នៅតាមមូលដ្ឋាននានាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ចុះហេតុអ្វីបានជា casino ខាងលើនេះបើកដំណើរការឲ្យខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងបែរជាអាជ្ញាធរនិងសមត្ថកិច្ចមើលរំលងធ្វើមិនដឹងមិនឮឬមួយក៏ម្ចាស់កាស៊ីណូមានខ្នងធំនៅពីក្រោយ ធំប៉ុនមហាមេឃទើបមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះ។
   បើតាមអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ ធ្លាប់ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានកន្លងមកថា ពាក់ព័ន្ធនឹងកាស៊ីណូ គឺមានតែថ្នាក់ជាតិ.ក.ល.ក.ប៉ុណ្ណោះដែលអាចចុះមកបង្ក្រាបបាន។
   ហើយសមត្ថកិច្ចក៏គ្មានសិទ្ធិចូលដែរ លោកបញ្ជាក់បន្ថែមទៀតថាទាល់តែមានករណីឃាតកម្មឬរឿងអ្វីធំទើបសមត្ថកិច្ចអាចចូលទៅក្នុងនោះបាន។
ដោយឡែកលោក តី វិសាល អធិការក្រុងព្រះសីហនុថា លោកមិនមានសិទ្ធិក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះបានទេ គឺមានតែខាង.ក.ល.ក.ថ្នាក់ជាតិទេ ទើបអាចចុះមកបង្ក្រាបបាន។ 
   មហាជននៅតែមានចម្ងល់សួរថា ចុះបើកាស៊ីណូខ្លះ ធ្វើខុសហ្នឹងច្បាប់ដែលគណៈកម្មការល្បែងចេញមក ដោយតម្រូវមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេង ហើយអាជ្ញាធរក្នុងខេត្តមិនបង្ក្រាប អញ្ចឹងតើច្បាប់ល្បែងគណៈកម្មការចេញមកធ្វើអ្វី? បើឃើញខុសច្បាប់ហើយមិនហ៊ានបង្ក្រាប។
   ជុំវិញបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់ទីតាំងកាស៊ីណូលីហាងនិងរីសតខាងលើនេះបានទេដោយក្រុមការងារយើងស្វែងរកលេខទូរសព្ទទំនាក់ទំនងមិនបាន។
   សូមបញ្ជាក់ថាប្រភពច្បាស់ការមួយសុំមិនបញ្ចេញអត្តសញ្ញាណបានលួចបង្ហើបថា ទីតាំងកាស៊ីណូលីហាងនិងរីសតខាងលើនេះបច្ចុប្បន្នមិនមានអាជ្ញាប័ណ្ណកាស៊ីណូនោះទេ ហើយម្យ៉ាងទៀតបានបើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេង 24 ម៉ោង៕