2024-01-04 10:54
351

ភ្នំពេញ៖ ក្រុមជនជាតិចិន ចំនួន ៣៧នាក់ បានជួបជុំគ្នាផឹកស៊ីឡូឡារហូតដល់ស្រវឹងកើតមានទំនាស់ពាក្យសម្តីរឿងខ្ចីលុយកាក់រហូតឈានដល់ផ្ទុះទំនាស់កាប់ចាក់គ្នាតាំងជាន់លើនៃអគារដល់ជាន់ផ្ទាល់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

ក្រោយពេលកើតមានអំពើហិង្សាខាងលើ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការឡោមព័ទ្ធ និងឃាត់ខ្លួនជនជាតិចិន ចំនួន ៣៧នាក់ ក្នុងនោះ មានស្រីចំនួន ០៥នាក់ និងមានស្រីជាជនជាតិវៀតណាម ០២នាក់ផងដែរ ដកហូតវត្ថុតាងកាំភ្លើងខ្លី ០១ដើម និងកាំបិត និងវត្ថុតាងមួយចំនួនផ្សេងទៀត។ 

ករណីអំពើហិង្សានេះ កើតឡើងនៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុច មុខអាគារ ប៊ូយ៉ុង លើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

សាក្សីនិយាយថាៈ មុនពេលកើតហេតុ ក្រុមជនជាតិចិនប្រុស-ស្រីជាច្រើននាក់ នាំគ្នាជួបជុំអង្គុយផឹកស៊ី និងមានប្រើប្រាស់គ្រឿងញៀន រហូតដល់ស្រវឹងរៀងៗខ្លួនកើតមានទំនាស់ពាក្យសម្តីរឿងខ្ទីលុយគ្នា ធ្វើឲ្យកើតជាជម្លោះឈ្លោះប្រកែកគ្នាខ្លាំងៗ និងវាយគ្នាប្រតាយប្រតប់ពេញក្នុងអាគារពីជាន់ខាងលើ រហូតមកដល់ជាន់ផ្ទាល់ដី និងបានដកកាំបិតចាក់ទៅលើបុរសរងគ្រោះជាជនជាតិចិនម្នាក់ជាច្រើនកាំបិត ឈាមហូរពេញខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិជនរងគ្រោះដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ 

បន្ទាប់ពីព្រួតគ្នាចាក់លើជនរងគ្រោះជាជនជាតិចិនដូចគ្នា មានអ្នកខ្លះបានរត់គេចខ្លួនបាត់ ហើយភ្លាមៗនោះ សមត្ថកិច្ចចុះមកដល់ឡោមព័ន្ធឃាត់ខ្លួនបានជនជាតិចិន ចំនួន ៣៧នាក់នាំយកទៅសាកសួរនៅអធិការខណ្ឌសែនសុខក្រោយមកកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ជាអធិការ បានដឹកនាំកម្លាំងចុះមកឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៧នាក់ ក្នុងនោះមានស្ត្រី ០៥នាក់ (ជនជាតិវៀតណាម ០២នាក់) និងវត្ថុតាង មានដូចជាកាំភ្លើងខ្លី ០១ដើម កាំបិតខ្លីមួយ រួមវត្ថុតាងផ្សេងៗទៀតមួយចំនួនទៀត។ ចំណែកឯបុរសជនជាតិចិន ជាជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ។ 

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នឹងបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់៕