2024-01-08 08:01
489

ភ្នំពេញ៖ ក្រុមសម្តែង «គ្រូតឿ» ដែលផលិតមាតិកាវីដេអូប្លែកៗ ដើម្បីទាក់ទាញអ្នកចូលទស្សនាច្រើន និងរកលុយលើបណ្តាញអ៊ិនធើណិត ដោយនាំគ្នាថតវីដេអូរឆីសាច់ត្រីអណ្តែងឆៅទាំងរស់នោះ ត្រូវបាននគរបាល នៃអធិការដ្ឋានស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលប៉ុស្តិ៍កោះហៅឲ្យចូលខ្លួនបំភ្លឺ និងដុសក្លែលជាលើកទី២ ដោយអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឈប់ផលិតវីដេអូរបំពុសសង្គមបែបនេះបន្តទៀត។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាៈ ជាការឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេកប៊ុកឈ្មោះ «Tran Ngoc Trang» ដែលបានបង្ហោះវីដេអូសកម្មភាព ក្រុមគ្រូតឿ បរិភោគត្រីអណ្តែងឆៅធ្វើឲ្យមតិមហាជនប្រតិកម្ម និងបានសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើក្រុមនោះ។ 

ក្រុមការងារប្រតិកម្មរហ័ស បានបញ្ជាក់ថាៈ ក្រោយពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានហៅក្រុមសម្ដែងឈ្មោះ គ្រូតឿ ចំនួន ០៦នាក់ ដែលក្រុមសម្ដែងនេះ បានថតវីដេអូ សម្ដែងបរិភោគត្រីឆៅ ចែកចាយវីដេអូនេះលើប្រព័ន្ធហ្វេសប៊ុកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ 

បន្ទាប់ពីសួរនាំកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ លើក្រុមសម្ដែងឈ្មោះ គ្រូតឿ ហាមដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលប៉ះពាល់ និងបំពុលសង្គមទៀតឡើយ។ 

ជាក់ស្តែង ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែង គ្រូតឿ បានបង្ហោះវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។ 

សូមជម្រាបថា ក្រុមសម្តែងគ្រូតឿ ត្រូវបានសមត្ថកិច្ចធ្លាប់កោះហៅមកសាកសួរបំភ្លឺ ណែនាំ អប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធការផលិតវីដេអូឆីអាចម៍គោម្តងរួចមកហើយ ប៉ុន្តែក្រុមនេះមិនរៀងមិនចាល់សោះបន្តផលិតមាតិការបំពុលសង្គមដដែល៕