2024-01-09 10:24
266

ខេត្តរតនគិរី ៖  ភូមិចំនួន៣ក្នុងឃុំឡាមិញស្រុកបរកែវត្រូវបានប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិចំនួន៣រួមមាន៖ ភូមិត្រុំ ភូមិស៊ូ និងភូមិញ៉ន ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរីត្រូវបានមន្ទីរៀបចំដែកដីនគរូបនីយកម្មសំណង់និងសុរិយោដី រៀបចំធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ពិធីនេះប្រារព្ធធ្វើឡើងនៅភូមិញ៉ន ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ។

លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានធ្វើរបាយការណ៍សង្ខេប អំពីលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារប្រតិបត្តិ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានអនុវត្តកន្លងមករួមមាន៖បានចុះបញ្ជី និងចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន២៩ភូមិ ស្មើនឹងចំនួន ២០,១០៧  វិញ្ញាបនបត្រ និងបានចុះបញ្ជីចេញប័ណ្ណតាមបទបញ្ជាលេខ ០១ បប ចំនួន ៨,៨៧២ វិញ្ញាបនបត្រ ដូចនេះប័ណ្ណសរុបមានចំនួន ២៨,៩៧៩ វិញ្ញាបនបត្រ។  បានបញ្ចប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ និងត្រៀមចែកប័ណ្ណចំនួន២ភូមិ គឺភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ និងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង។ បានបញ្ចប់ការវាស់វែង និងត្រៀមប្រជុំគណៈកម្មការរដ្ឋបាលចំនួន០៣ភូមិ មានភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ និងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។បានបញ្ចប់ការវាស់វែង និងប្រមូលទិន្នន័យចំនួន០១ភូមិ គឺភូមិខ្មាំង ឃុំឡាមិញ ស្រុកបរកែវ ហើយដែលនឹងត្រៀមដាក់ប្រជុំគណៈកម្មការរដ្ឋបាលកំពុងវាស់វែងនិងប្រមូលទិន្នន័យចំនួន០៣ភូមិ គឺភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ភូមិប្រាក់ និងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។ ត្រៀមប្រកាសតំបន់វិនិច្ឆ័យចំនួន០៥ភូមិបន្ថែមទៀត នៅឃុំអូរជុំ ស្រុកអូរជុំ។

មានប្រសាសន៍សំណេះសំណាលជាមួយពុកមែ៉បងប្អូនប្រជាពលរដ្ឋប្រមាណជិត២០០នាក់ដែលបានចូលរួម ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងរងខេត្តបានសម្តែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៣ ភូមិខាងលើ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានជ្រើសយកជាអាទិភាព ដែលក្រុមការងារបានបញ្ចប់នីតិវិធីនៃការវាស់វែង ប្រមូល និងបញ្ចូល ទិន្នន័យ និងត្រៀមបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងគោលដៅផ្តល់ជូននូវប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាឯកសារសំអាងរឹងមាំនៃម្ចាស់កម្មសិទ្ធិ កំណត់ពីភាពច្បាស់ លាស់នៃការកាន់កាប់ ការកំណត់ព្រំប្រទល់ដីធ្លី កាត់បន្ថយវិវាទដីធ្លី ឬលុបបំបាត់វិវាទដីធ្លី ឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សហគមន៍ និងក៏ជាការចូលរួមយ៉ាងផុលផុសអនុវត្តនូវកម្មវិធី យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម អភិបាលរងខេត្ត បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសម្រេចបានទាំងនេះ បង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តការងារបម្រើសេវាសាធារណៈ ជូនបងប្អូនតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ហើយអាចយកប័ណ្ណនោះទៅប្រើប្រាស់ និងចាត់ចែងផ្សេងទៀត តាមតម្រូវការ៕