2024-01-10 08:07
312

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រកាសដាក់ចេញនូវ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ លោកបានថ្លែងថា៖ «ពាក្យថាទុករយៈពេល ៥ឆ្នាំ គឺដើម្បីទុកធ្វើផែកការមានន័យថា យើងយកការទទួលខុសត្រូវមួយអាណត្តិរបស់រាជរដ្ឋាភិបាល ដើម្បីយករឿងនេះ មកមើលហើយបើចាំបាច់ត្រូវធ្វើអាណត្តិក្រោយទៀត ក៏ត្រូវតែធ្វើដែរ ប៉ុន្តែមិនធ្វើក្នុងទម្រង់យុទ្ធនាការទៀតទេ គឺត្រូវយកការទទួលខុសត្រូវអញ្ចឹងអាស្រ័យលើប្រជាពលរដ្ឋ»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមទៀតថា៖ «គិតមកដល់់ម៉ោងនេះ សួរថា គណៈកម្មការទទួលបន្ទុកអនុវត្តយន្តការទី២ មានរឿងក្នុងដៃអយុត្តិធម៌ប៉ុន្មានរឿងទេ? គឺអត់មានទេ វាខុសពីរឿងជំរុញ និងការពន្លឿនការកាត់ក្តីនៅតុលាការ គេមានសំណុំរឿងពីតុលាការអស់ហើយអញ្ចឹងគេដឹងថា តើត្រូវការប្រើពេលប៉ុន្មាន? ឥឡូវយើងត្រៀមលក្ខណៈទទួលយកទាំងអស់។ ឧទាហរណ៍ សំណុំរឿងអយុត្តិធម៌ប៉ុន្មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមដូចជាចង់ស្ងាត់បាត់ហើយ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងទទួលយកព័ត៌មាន ហើយត្រូវប្រឈម និងត្រូវស្មោះត្រង់ទាំងអស់់គ្នា»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថាៈ យើងត្រូវចាំថា ក្នុងរឿងក្តីមួយមិនមែនមានភាគីតែម្ខាងទេ យ៉ាងតិចមានភាគី២ ខ្លះអាចមាន៣ ឬ៤ ចូលពាក់ព័ន្ធហើយមិនប្រាកដថាយកព័ត៌មានតែម្ខាងមកហើយអះអាងថាម្ខាងនឹងត្រឹមត្រូវទេ ត្រូវយកភាគីពាក់់ព័ន្ធម្ខាងទៀត ហើយក៏មិនប្រាកដថាភាគីម្ខាងទៀតចេះលេងបណ្តាញសង្គមនានា ប៉ុន្តែពេលខ្លះគាត់អត់ចេះលេងទេ ប៉ុន្តែពាក្យថា «យុត្តិធម៌ គឺត្រូវរកឱ្យឃើញការពិត»។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថាៈ «យើងចង់លើកកម្ពស់យុត្តិធម៌ ត្រូវមានវិធីសាស្ត្រដែលធានាការរកឱ្យឃើញការពិត មិនមែនយុត្តិធម៌ចេញពីមាត់របស់បុគ្គលណាមួយទេ គឺត្រូវរកការពិតជាគោល»៕