ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការក្រើនរំឭក និងព្រមានដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វពាណិជ្ជកម្មគ្រឿងស្រវឹង ប្រសិនបើមិនអនុវត្ត តាមការណែនាំក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មានជាធរមាន។
ក្នុងលិខិតជូនដំណឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថាៈ បានជម្រាបជួនលោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្ដី ព្រឹត្តប័ត្រ អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងទាំងអស់ជ្រាបថាៈ «បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី»។
លិខិតរបស់រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាៈ បញ្ហានេះបានជះផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាព ជាដើម។ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មខាងលើ ក្រសួងព័ត៌មាន សូមធ្វើការក្រើនរំលឹកជាថ្មីម្តងទៀត ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិ ស្តីពី ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ ក្រសួងព័ត៌មាន ដូចតទៅ៖
១- ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន
២- ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក
៣- ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ
៤- រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន * ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ចំពោះស្លុតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេលសមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្ដូរ និងកែសម្រួលស្អាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មីសម្រាប់ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។
សូមជម្រាបថា ការក្រើនរំឭករបស់ ក្រសួងព័ត៌មាន ទៅលើប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្ម ដោយសារថ្មីៗថ្ងៃនេះ មហាជនអ្នកលេងបណ្តាញ បានធ្វើការរិះគន់មិនសំចៃមាត់់ ចំពោះសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្រាបៀរ កម្ពុជា ក្នុងកម្មវិធីប្រដាល់គុនខ្មែរកញ្ចក់ស្ថានីយទូរទ្សន៍ដ៏ល្បីល្បាញមួយ ដោយតម្រូវឱ្យយុវជន និងយុវនារីនាំគ្នាឡើងលើឆាករួចគាស់ក្រវឹងស្រាបៀរ ជល់គ្នាលើកផឹកស្រែកសប្បាយ ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។
ក្រសួងព័ត៌មាន បានបញ្ជាក់ថាៈ «ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាន នឹបញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕