2024-01-10 11:30
278

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថាៈ គ្មានការកែទម្រង់ណាដែលងាយស្រួលនោះទេ ប៉ុន្តែការទម្រង់ដែលជោគជ័យ ត្រូវផ្នែកយ៉ាងតិចលើកត្តា៤ ជាចម្បង រូមមាន៖ ទី១- ត្រូវមានចក្ខុវិស័យច្បាស់លាស់ដែលផ្នែកលើផលប្រយោជន៍ជាតិ, ទី២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ទី៣- ត្រូវមានការចូលរួមដោយស្មោះត្រង់ និង ទី៤- ត្រូវមានការលះបង់។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ធ្វើឡើងនារសៀល ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤  ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការ ចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីក្រសួងយុត្តិធម៌ ដោយមានអ្នកសារព័ត៌ចូលរួមប្រមាណ ៥០រូប។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងទៀតថាៈ យើងកំពុងធ្វើយុទ្ធនាការទាំងពីរនេះ គឺជាការអនុវត្តវិធានការគន្លឹះក្នុងក្រមខណ្ឌកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយយើងត្រូវយកអភិក្រមរបស់់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវយកមកប្រើមុខគេបំផុត។ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថាៈ គោលបំណង និងចក្ខុវិស័យមានហើយ ការប្តេជ្ញាចិត្តមាន ត្រូវការកម្លាំងសរុបក្នុងការធ្វើកិច្ចការមួយនេះដើម្បីជោគជ័យ ត្រូវការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីទាំងអស់ ហើយនៅពេលចូលរួមយុទ្ធនាការអ្នកណាចូលរយមដោយស្មោះត្រង់ អ្នកណាចូលរយមដោយមិនស្មោះត្រង់។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាៈ «ស្មោះត្រង់ ឬមិនស្មោះត្រង់ នឹងឆ្លើយតមចំណុចទី៤ នៃអភិក្រម គឺការលះបង់់នេះឯង បើអ្នកចូលរួមស្មោះត្រង់គាត់លះបង់ដើម្បីផលប្រយោជន៍ក្នុងវិស័យយុត្តិធម៌ និងផលប្រយោជន៍របស់ប្រជាជន ប៉ុន្តែបើចូលរួមដោយមិនស្មោះត្រង់លះបង់ដែរ តែមិនមែនគាត់ជាអ្នកលះបង់ទេ យើងខ្ញុំទេដែលលះបង់គាត់ទៅវិញ ដើម្បីផលប្រយោជន៍នៃការកែទម្រង់»។ លោកបន្តទៀតថាៈ អភិក្រមទី២ គឺជាអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន មានប្រាំចំណុច “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្លែល ព្យាបាល និង វះកាត់” អភិក្រមទាំង២ របស់សម្តេចទាំង២ ចុងក្រោយបំផុត “បើមិនលះបង់ គឺវះកាត់”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថាៈ ក្នុងនាមជាគណៈបញ្ជាការដឹកនាំយុទ្ធនាការ២ ដ៏មានសារសំខាន់លើកិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ត្រូវប្រកាន់ដាច់ខាតនូវគោលការអភិក្រមទាំង ២នេះ ហើយអភិក្រមទាំង ២នេះ អាចនឹងប្រើប្រាស់ទាំងលើការលះបង់ លើការព្យាបាល និងលើការវះកាត់តែម្តង។ អញ្ចឹងមានជាគណៈបញ្ជាការបានប្រគល់ភារកិច្ចមួយទៀត គឺឱ្យត្រួតពិនិត្យលើគណៈកម្មការទាំងអស់លើយុទ្ធនាការហ្នឹងមិនមែនមើលអ្នកនៅក្រមទេ អ្នកអនុវត្តក៏យុទ្ធនាការក៏ត្រូវត្រួតពិនិត្យដែរ ត្រីងៀតឆ្លៀតពងមិនមានតែក្រោមទេ នៅលើក៏មានដែរ ដូច្នេះអភិក្រមនេះ ត្រូវយកទៅអនុវត្តទាំងអស់ ព្រោះជាអភិក្រមពាក់ព័ន្ធការកែទម្រង់ផង និងជាអភិក្រមអភិបាលកិច្ចល្អផង។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថាៈ «ដោយផ្នែកលើអភិក្រមទាំង ២នេះ ច្បាស់ណាស់សម្រាប់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ ព្រមទាំងតួអង្គដែលពាក់ព័ន្ធណា ដែលប្រព្រឹត្តកំហុសឆ្គងក្នុងអំឡុងពេលយុទ្ធនាការ ជាពិសេស ឈ្លាតឱកាសយកយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរបៀប “ត្រីងៀតឆ្លាតពង” នឹងត្រូវកត់ត្រាទុកជាកំហុសដែលត្រូវឆ្លើើយតមយ៉ាងម៉ឺងម៉ាត់ជាមួយនឹងការទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកផ្លូវច្បាប់ ជាពិសេស ការប្រើប្រាស់អភិក្រមទី៥ របស់សម្តេចតេជោ ហ៊ុន សែន គឺការវះកាត់ និងអភិក្រមទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺការលះបង់នេះឯង»

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មាន និងជនរួមជាតិ យ៉ាងដូច្នេះថាៈ «ឥឡូវប្រសិនបើរកឃើញក្នុងការអនុវត្តយុទ្ធនាការរកឃើញភាពមិនប្រក្រតី ឬកំហុសក្នុងការអនុវត្តបងប្អូនអ្នកសារព័ត៌មាន សូមមេត្តាភ្ជាប់់ព័ត៌មាននេះ មកខាងលេខាធិការដ្ឋាន យើងនឹងចាត់ការលើព័ត៌មាននោះ បើយើងខ្ញុំមិនចាត់ការអាចដាក់ការទទួលខុស ឬក៏លើកឡើងអំពីការងារបានមិនជាបញ្ហាទេ»៕