2024-01-11 09:48
316

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េអស់ក្តីកង្វល់ទៀតហើយ គឺអាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផ្ទាល់ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាឡើយ។ 

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មាន msj tv ទទួលបាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ។ 
លិខិតរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថាៈ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ ជម្រាបជូនថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ»។ 

សម្រាប់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវា មានដូចខាងក្រោម៖ 
១- ទីតាំងផ្តល់សេវា៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមាន អាសយដ្ឋាន - 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041

២- ពេលវេលានៃការផ្តល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ - ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ - ១៧:០០ 
៣- បែបបទនៃការផ្តល់៖ 
ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចខាងក្រោម៖ 
- លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។ 

ខ. ករណ៏ទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចខាងក្រោម៖ 
- លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និង 
- សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។ 

៤- រយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល ៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕