2024-01-11 10:03
249

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសអនុវត្តវិធានប្រតិបត្តិ មាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស «ស្តីពីការប្រែប្រួលអាកាសធាតុ» ដោយមានការគាំទ្រ និងអនុម័តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាទរចំពោះការដឹកនាំដ៏ឈ្លាសវៃ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរអាទិភាពលើវិស័យបរិស្ថាន ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានរៀបចំឡើង ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថាៈ «ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះវិធានប្រតិបត្តិនេះ បានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា «វិធានប្រតិបត្តិមានប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជាផង ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជា ជាមួយពិភពលោក ក្នុងការកាត់បន្ថយការកើនឡើងកម្តៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល»។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបន្ថែមថាៈ « កន្លងមកកម្ពុជាបានអនុវត្តអាជីវកម្មកាបូនតាមរយៈការស្មគ្រចិត្ត»។ លោករដ្ឋមន្ត្រីលើកឡើងថាៈ តាមរយៈមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាតឲ្យកម្ពុជាកាន់តែពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្របនឹងលក្ខខ័ណ្ឌ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស «ស្តីពីការប្រែប្រួលអាកាសធាតុ» ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាព ដែលកម្ពុជាយើងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៃកិច្ចព្រមព្រៀងផងដែរ។

ជាមួយគ្នានេះដែរ វិទ្យាស្ថានកំណើនបៃតងសកល (GLOBAL GREEN GROWTH INSTITUTE - GGGI) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ 

កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលបានគាំទ្រវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានប្រកាសទៅកាន់ពិភពលោកថា កម្ពុជា បានរៀបចំខ្លួនរួចរាល់ហើយក្នុងការធ្វើពាណិជ្ជកម្មកាបូន»។ 
សូមជម្រាបថា កម្ពុជាជារដ្ឋភាគី នៃក្របខ័ណ្ឌអនុសញ្ញា ស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានប្រទេសចំនួន១៩៧។ កិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុងប៉ារីស៍ប្រទេសបារាំង។ 

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មានវិធានប្រតិបត្តិ ចំនួន ២៩ ប្រការ ក្នុងនោះប្រការទី៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន (Carbon Trading) ដើម្បីចូលរួមកាត់បន្ថយ និងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ»។ 

សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រា ដែលផ្តោតលើមុំអាទិភាពចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី២ ផ្តោតលើភាពបៃតង គឺការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ក្នុងក្រសួងបរិស្ថានបានដាក់ចេញវិធានការអាទិភាពចំនួន៤ ទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និងយុទ្ធនាការផ្តល់កូនឈើ ចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតថ្លៃ ចាប់ពីឆ្នាំ២០២៤នេះ ដើម្បីបង្កើនគម្របព្រៃឲ្យបាន៦០% នៅឆ្នាំ២០៥០។ 

ជាមួយគ្នានេះ កម្ពុជាមានសុទិដ្ឋិនិយមក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបញ្ចេញកាបូន ពីវិស័យថាមពល និងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រង និងកែច្នៃសំណល់ ការអនុវត្តកសិកម្ម ដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតង និងនវានុវត្តន៍៕