2024-01-13 16:05
275

(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លើកឡើងថា សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើន របស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្ដីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋានជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍ សម្រាប់សង្គជាតិ។

លោក ពិន ប្រាកដ លើកឡើងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សជ័យលាភី នៃសាលាអន្តរជាតិត្យឆឺរប្រាយ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ និងសាកលវិទ្យាល័យសៅស៍អ៊ីសថអេសៀ ,លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ,លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកបណ្ឌិត មាន សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសអេសៀ ,លោក ម៉ាន់ វុឌ្ឍី ប្រធាននាយកដ្ឋាននៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សចូលរួមផងដែរ។លោក ពិន ប្រាកដ បានបន្តថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំ ត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាស ដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើ ចំណេះជំនាញ បច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញ លេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកប ដោយគុណភាព។

លោកបន្តថា ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្ត សៀមរាប ក៏ដូចជានៅទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿង។

ទន្ទឹមនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តីមោទនៈនេះ និងដើម្បីរួមចំណែកថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពគ្រប់វិស័យក្នុងខេត្ត ពិសេស សេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការកែលម្អ សោភ័ណភាពក្រុង កសាង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ការផ្គត់ផ្គង់អគ្គិសនី ការពង្រីកប្រព័ន្ធបណ្តាញចែកចាយ ទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺសាធារណៈ អនាម័យបរិស្ថាន ដោយបានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អប្រសើរជូនដល់ ភ្ញៀវទេសចរជាតិ-អន្តជាតិគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ទន្ទឹមនឹងនោះដែរលោក ម៉ាន់ វុឌ្ឍី លើកឡើងថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានអនុញ្ញាតិឱ្យវិស័យអប់រំឯកជន ចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិ។លោក ម៉ាន់ វុឌ្ឍី បន្តថា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន សាលាអន្តរជាតិភ្យូឆឺរប្រាយ បានកំណត់នូវចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្រ្តឆ្នាំ ២០០៩-២០១៣ ផែនការ យុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ និងផែនការ យុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៤សម្រាប់ដឹកនាំគ្រប់គ្រងការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសក្សាភាសាអង់គ្លេសរបស់សាលាអន្តរជាតិក្យូឆឺរប្រាយ។ជាមួយនឹងសមិទ្ធផលដ៏ធំធេងខាងលើនេះ តាងនាមឱ្យស្ថាបនិក និងក្រុមប្រឹក្សាភិបាល នៃសាលា អន្តរជាតិភ្យូឆឺរប្រាយ សូមអបអរសាទរចំពោះសិស្សានុសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួល បានជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ស្ថានិក និងក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ក៏សូមវាយតម្លៃខ្ពស់ និងសំដែងនូវការកោតសរសើរដ៏ស្មោះចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិក្យូឆឺរប្រាយទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញា មានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្តខ្ពស់ និងមានគំនិតច្នៃប្រឌិត ក្នុងការដឹកនាំគ្រប់គ្រង បង្ហាត់បង្រៀន និងអប់រំណែនាំសិស្សានុសិស្ស ស្របតាមគោលនយោបាយ បទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងផែនការបណ្តុះបណ្តាលរបស់សាលា អន្តរជាតិក្យូឆឺរប្រាយ៕