2024-01-14 17:39
255

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលខណ្ឌជលផលកំពង់ឆ្នាំង ទើបភ្ញាក់ខ្លួនចេញប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនលៀសតូចៗចំណីសត្វ ចំនួន ៤៥ការ៉ុង ដែលត្រៀមមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ស្ថិតនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈបទល្មើសកើតមានរាប់ឆ្នាំគ្មានការទប់ស្តាតឡើង។ 
     លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅល្ងាច ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជារឲ្យលោកដឹកនាំមន្ត្រីផ្នែករដ្ឋបាលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ ចុះពិនិត្យបទល្មើសនេសាទលួចដឹកលៀសល្អិតៗចំណីសត្វត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ដែលកើតមានឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ។ 
    ប្រភពបន្តទៀតថា ពេលទៅដល់កន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញលៀសល្អិតៗសម្រាប់កិនធ្វើជាចំណីសត្វច្រកការ៉ុង ចំនួន ៤៥ការ៉ុងពណ៌ស រកម្ចាស់មិនឃើញសមត្ថកិច្ចក៏បានធ្វើការវះការ៉ុងលែងលៀសទាំងអស់នោះចោលក្នុងទឹកទន្លេវិញ និងនៅជិតគ្នានេះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែលគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុក ចំនួន ៥០ការ៉ុងផងដែរ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើការនេសាទ និងលក់ដូរក្នុងស្រុក។
    តាមសេចក្តីរាយការណ៍ មុនសមត្ថកិច្ចចុះទៅបង្ក្រាប ឃើញមានលៀសល្អិតៗប្រភេទលៀសចំណីសត្វមានប្រមាណជាង ១០០ ការ៉ុង ដែលគេច្រកទុកនៅមាត់កំពុងទឹកត្រៀមឡើងរថយន្តដឹកទៅលក់នៅប្រទេសវៀតណាម និងមានរថយន្តបែនដឹកដី ពណ៌ស ០១គ្រឿង បានលួចដឹកយកលៀសនេះចេញអសជាង ៥០ការ៉ុង ចេញទៅបាត់ហើយទើបសមត្ថកិច្ចមកដល់។
   ប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់ ឃុំស្នុកទ្រូ បានឲ្យដឹងថា មួយរយៈកន្លងមកនេះ មានរថយន្តធុនធំ ចំនួន ០៣គ្រឿង បានចូលមកដឹកលៀសប្រភេទលៀសចំណីសត្វនេះ ស្ទើរតែរៀងរាល់ថ្ងៃក្នុងមួយជើងៗរាប់រយតោនយកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។
   ប្រជាពលរដ្ឋ បានរិះគន់ថា សមត្ថកិច្ចជលផលនៅក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ធំ សមត្ថកិច្ចជំនាញមិនបង្ក្រាបបទល្មើសនេសាទលៀសល្អិតៗយកធ្វើជាចំណីសត្វនេះឡើយ ហើយអ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះ តែងលួចនេសាទនិងដឹកជញ្ជូនលៀសមកលក់ឡើងរថយន្តនៅក្នុងភូមិសាស្ត្រឃុំឆ្នុក ខេត្តកំពង់ឆ្នាំងយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែនៅតាមផ្លូវជាតិរហូតដល់ប្រទេសវៀតណាមមិនដែលឃើញសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកលៀសចំណីសត្វនេះឡើយ។ 
    ករណីនេះ ប្រសិនបើសមត្ថកិច្ចច្រកទ្វារព្រំដែនមិនឲ្យលៀសចំណីសត្វនេះ ចេញទៅក្រៅបាននោះ ក៏គ្មានការនេសាទលៀសចំណីសត្វនេះនៅក្នុងបឹងទន្លេសាបយើងដែរ។
ករណីនេះ ប្រជាពលរដ្ឋ សំណូមពរប្រមុខរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ និងបង្ក្រាបករណីនេសាទលៀសនេះ ឱ្យមានប្រសិទ្ធភាពផងចុះ ទើបអាចរក្សាពូជពង្សលៀសចំណីសត្វនេះបានគង់វង្សនៅក្នុងបឹងទន្លេសាប ព្រោះលៀសចំណីសត្វនេះ មានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅ ក្នុងបាតទន្លេនៃបឹងទន្លេសាប៕