2024-01-15 11:23
193

ព្រះវិហារ៖ ពិតជារឿងគួរអាម៉ាស់បំផុត ស្រីស្អាតអ្នកលក់អនឡាញម្នាក់ អះអាងខ្លួនជាបារមីស្នងរូប ព្រះនាងឥន្ទ្រទេវី» និង មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ទៀត ព្រមទាំងបក្ខពួកមិនបានអនុញ្ញាតិឲ្យឡើងទៅកាន់ប្រាសាទព្រះវិហារនោះទេ ដើម្បីប្រារព្ធពិធីបួងសួងមិនសមរម និងផ្ទុយពីមរតកវប្បធម៌ទម្រង់ដើម។
​​​     ការហាមឃាត់បុគ្គលដែលតាំងខ្លួនជាបារមីស្នងរូបព្រះម៉ែ «ព្រះនាងឥន្ទ្រទេវី» និងបក្ខពួកធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយក្រុមមន្ត្រីអាជ្ញាធរជាតិប្រាសាទព្រះវិហារ។
     ក្រុមអ្នកអភិរក្សវប្បធម៌ដូនតាខ្មែរ បានលើកឡើងថាៈ «សូមសម្តែងនូវការកោតសសើរដោយស្មោះជូនចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលលោកបានធ្វើការប្រកបដោយកិត្តិបណ្ឌិតខ្ពង់ខ្ពស់ មានចំណាត់ការបន្ទាន់លើសមត្ថកិច្ចដែនដីរបស់ខ្លួន»។ 
     ក្រុមអ្នកអភិរក្សវប្បធម៌ ក៏បានសរសេរបន្ថែមថាៈ «បើគិតលើករណីគ្រូបារមីស្នងរូប និងមគ្គទេសក៍ដែលបង្ករការបំពុលសង្គមកន្លងមកនេះយើងអាចសង្គេតឃើញថា ក្រសួងដែលពាក់ព័ន្ធក្នុងករណីនេះ មានរហូតដល់ ៤ក្រសួងធំៗ គឺ៖ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា, ក្រសួងសុខាភិបាល (ផលិតផលថ្នាំដែលបារមីលក់រាល់ថ្ងៃ) និងក្រសួងទេសចរណ៍ (មគ្គុទេសក៍ពុលទឹកមាត់)»។
     សូមជម្រាបថា មួយរយៈចុងក្រោយនេះ សង្កេតឃើញមានបារមីស្នងរូបគ្រប់ទម្រង់ដែលតាំងខ្លួនជាបារមីនេះ បារមីនោះ បំពុលពេញបណ្តាញសង្គម ជាពិសេស មហាជនចាប់អារម្មណ៍ និង រិះគន់ច្រើនបំផុត គឺស្ត្រីអ្នកលក់អនឡាញដ៏ស្រស់ស្អាតកូនប្រាំ បានផ្លាស់ប្តូរ ៣៦០ ដឺគ្រេ ពីការផុសលក់ផលិតផលមកជាគ្រូបារមីស្នងរូប «ព្រះនាងឥន្ទ្រទេវី» ដែលកាយវិការ សកម្មភាព និងទង្វើផ្សេងៗមិនសាកសម ទៅជាយកកេរ្តិ៍ឈ្មោះដូនតា និងជាន់ឈ្លីវប្បធម៌ជាតិខ្មែរទៅវិញ៕