2024-01-15 14:34
229

ភ្នំពេញ៖ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានលើកឡើងថា «ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកបង្ការ ទប់ស្កាត់អំពើពុករលួយទុកជាមុន»។ 

 លោក ញីវ បញ្ញារិទ្ធ បញ្ជាក់ថាៈ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៥,៥៤៩ រូប ស្មើនឹង ៨៥.០៦% នៃចំនួនត្រូវប្រកាសសរុប ១៨,២៧៩ រូប។ 

 លោកបន្ថែមទៀតថា ចំពោះលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំនេះ នាយកដ្ឋាន វាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការប្រកាស គឺទទួលបានលើសពីការរំពឹងទុកបើយើងប្រៀបធៀបទៅនិងការប្រកាសកន្លងមក។ លទ្ធផលនេះ អាចសម្រេចទៅបានល្អប្រសើរ ដោយសារមានកិច្ចសហការ យ៉ាងល្អពីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំក្រសួង-ស្ថាប័ន និងរាជធានីខេត្ត ជាពិសេសបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។

 ដោយឡែកព្រឹកនេះ បើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី សរ ចាន់តារ៉ា ប្រធានការិយាល័យ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ខេត្តឧត្តរមានជ័យ បានបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលបាន ចំនួន ១០៦រូប នៃចំនួនសរុប ១០៦រូប នាំឱ្យលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើ ១០០% ផងដែរ។

 សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃ ក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង ០៨និង០០ព្រឹកដល់ម៉ោង ០៥និង០០ល្ងាច៕