ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ចំណុចទល់មុខក្រសួងសុខាភិបាល លើផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
រថយន្តកាមរី ឆ្លាម មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2I-6702 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ៥៦៦ទិសដៅពីលិចមកកើត ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ស្តាំ តាមបណ្តោយផ្លូវ២៨៩វិញ តែបួងមិនផុតក៏ជ្រុលទៅបុកផ្ទប់របាំងថ្មពុះចែកទ្រូងពេញចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែករបាំងថ្មវិញខូចខាតតិចតួច រីឯអ្នកបើកបរបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តដើម្បីមកវាស់វែងនិងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕