ខេត្តកំពង់ស្ពឺ៖ នគរបាលក្រុងច្បារមនបានឱ្យដឹងថា កាលពីវេលាម៉ោង ០៣ និង៥៤នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយក្រុមជនដៃដល់បាន កាប់បំផ្លាញទ្រព្យ សម្បត្តិរបស់អ្នកដទៃ កើតឡើងនៅចំណុច សួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យុវជនដៃដល់ម្នាក់ក្នុងចំណោមបក្ខ ពួក៧នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និងនគរបាលក្រុងច្បារមនឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពព្រួតគ្នាវាយ និងយកកាំបិតផ្គាក់ដេញកាប់ទៅលើក្រុមជនរងគ្រោះកំពុងអង្គុយផឹកស៊ីជុំគ្នាបណ្តាលឱ្យរងរបួស។
នគរបាលក្រុងច្បារមនបានបន្តទៀតថា នៅមុនពេលកើតហេតុ វេលាម៉ោង០៣និង៥៤ទៀបភ្លឺឈានចូល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ទូច ថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមិត្តភក្តិរបស់ខ្លួនចំនួន៥នាក់កំពុងអង្គុយផឹកស៊ី នៅចំណុចកើត ហេតុខាងលើ(សួនសម្តេចព្រះសង្ឃរាជ ជួន ណាត) ក៏ស្រាប់តែមានឈ្មោះ វីត,ឈ្មោះត្រា និងបក្ខពួកចំនួន៧ នាក់ទៀត ជិះម៉ូតូចំនួន៣ គ្រឿង ម៉ាកហុងដាសេ១២៥ (C125 )ទាំង០៣ គ្រឿង បានយកកាំបិតផ្គាក់ ដេញកាប់ ខ្លួននិងមិត្តភក្តិ បណ្ដាលឲ្យរងរបួស ឈ្មោះ រី ឧត្តម ត្រង់ចំណុចកែងដៃខាងស្ដាំដេរចំនួន៤ថ្នេរ (សុំមិនដាក់ ពាក្យបណ្ដឹង) និងកាប់ម៉ូតូរបស់ខ្លួន ម៉ាកហុងដាសេ ១២៥ (C125 )ព៌ណទឹកមាស ស៊េរីឆ្នាំ២០១៩ពាក់ផ្លាកលេខកំពង់ស្ពឺ1X-1034 បណ្ដាលឲ្យរងការខូចខាត ផ្នែកក្បាលខាងមុខ ក្បាំង និងកន្ទុយ ម៉ូតូ ទាំងស្រុង ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ ។
នគរបាលក្រុងច្បារមន បានបន្ថែមទៀតថា រហូតដល់វេលាម៉ោង០៤និង៤០រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នគរបាលជំនាញយុត្តិធម៌ក្រុងច្បារមន បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្វាយក្រវ៉ាន់ និងកម្លាំងប៉ុស្ដិ៍សុព័រទេព បានឃាត់ខ្លួនសង្ស័យបានចំនួន០១ នាក់ ឈ្មោះ ផល សុភ័ក្ត្រាភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ថារូបខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូ និងជនរងគ្រោះពិតប្រាកដមែន។
ករណីខាងលើ បានកសាងសំណុំរឿង និងបញ្ជូនជន សង្ស័យ ទៅផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចាត់ ការបន្តតាមផ្លូវច្បាប់៕