2024-01-17 14:49
282

ភ្នំពេញ៖ នេះបេីយោងតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន២នាក់ ក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សចំនួន៥៦នាក់ចេញឆ្លងដែនដោយខុសច្បាប់។ 

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិបង់ក្លាដេសជាមេខ្លោងក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់នេះ គឺអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះ ពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហើយដោយមានការឯកភាពពីលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្រោយទទួលបានការបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កម្លាំងជំនាញនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន២ គឺទីតាំងទី១ សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទីតាំងទី២ នៅផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។

ក្នុងប្រតិបត្តិការចុះស្រាវជ្រាវស៊ើបអង្កេតនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ដោយក្នុងនោះ ជនបរទេសចម្រុះជាតិសាសន៍ ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។ ជនបរទេសដែលជាជនរងគ្រោះទាំង ៥៦នាក់ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបានមេខ្លោងបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បច្ចុប្បន្ន ជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឱ្យទៅអង្គការការីតាសកម្ពុជា នៅខេត្តកណ្តាល ហើយចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី៕