2024-01-18 12:00
241

ព្រៃវែង៖         ផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបានក្រុមចោរបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចយកទ្រព្យសម្បត្តិអស់គ្មានសល់ ខណៈម្ចាស់ផ្ទះមិននៅផ្ទះដោយចាក់សោរចោលជាច្រើនខែកន្លងមកហើយ។ 

ការភ្ញាក់ផ្អើលករណីចោរចូលគាស់ផ្ទះប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោក អ៊ុក សំណាងត្រឡប់មកមើលផ្ទះក៏ប្រទះឃើញផ្ទះត្រូវក្រុមចោរគាស់ទម្លុះទម្លាយបើកទ្វារចំហរចោល របស់ទ្រព្យក្នុងផ្ទះទាំងអស់បាត់អស់គ្មានសល់ ទើមានការផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យចុះពិនិត្យ និងស្រាវជ្រាវភ្លាមៗ។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីចោរគាស់ផ្ទះរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ខាងលើ មានទីតាំងស្ថិតនៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ដោយមិនដឹកកើតឡើងតាំងពេលណានោះទេ ព្រោះម្ចាស់ផ្ទះចាក់សោរទុកចោលជាច្រើនខែមកហើយ។ 

តាមប្រភពបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលបាត់បង់ភាគច្រើន គឺជាប្រភេទគ្រឿងឈើលម្អក្នុងផ្ទះ រួមមានដូចជា តុបាយ ទូសំលៀកបំពាក់ គ្រែសាឡុង និងគ្រឿងសង្ហារឹមដែលមានចំនួនច្រើន។ តាមការសន្និដ្ឋានថា ក្រុមចោរធ្វើសកម្មភាពចូលប្រមូលយកទ្រព្យសម្បត្តិទាំងនេះ មិនមែនតែមួយលើកនោះទេ គឺអាចធ្វើច្រើនលើកដឹកជញ្ជូនទ្រង់ទ្រាយធំ និងមានគ្នាច្រើនថែមទៀតផង ប៉ុន្តែទំនងជាធ្វើឡើងនៅពេលយប់ជ្រៅទើបគ្មាននរណាដឹង។ 

បច្ចុប្បន្នករណីខាងលើសមត្ថនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្ស័យឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់៕