ភ្នំពេញ៖ គិតមកដល់ម៉ោងជាង ១០ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ស្ត្រីកម្មការិនីម្នាក់បានស្លាប់ និង ចំនួន ០៤នាក់ បានរងរបួស ក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង យីហោ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ស្ថានភាពអគ្គិភ័យត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានគ្រប់គ្រងបានទាំងស្រុង ១០០% ដោយបានបាញ់ទឹកពន្លត់រលត់ និងកំពុងស្រាវជ្រាវពីមូលហេតុនៃការឆេះរោងចក្រ ខាងលើនេះផចដែរ។ ចំពោះអគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះឡើងនៅវេលាម៉ោង ០៦និង៤០នាទីព្រឹកនេះ ដោយចាប់ផ្ដើមឆាបឆេះចេញពីអគារ ឡបោកគក់ និងរីករាយដាលជាបន្តបន្ទាប់។
របាយរបស់ប៉ូលិស បានបព្ជាក់ថាៈ ក្នុងករណីអគ្គីភ័យនេះ បណ្តាលឲ្យខូចខាតអាគារមួយកន្លែង និងសម្ភារៈនៅខាងក្នុងអាគារជាច្រើន ព្រមទាំងមានកម្មការីម្នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ ចំនួន ០៤នាក់ទៀត បានមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រោះដឹកយកទៅមន្ទីពេទ្យជ័យជំនះ។
ជនរងគ្រោះដែលកំពុងស្ថិតក្នុងការជួយសង្គ្រោះ រួមមាន៖ ទី១- ឈ្មោះ សោម ប៊ុនថាត ភេទ ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ រទាំង ឃុំ ភូមិធំ ស្រុកកៀនស្វាយ, ទី២- ឈ្មោះ សួន ម៉ៅ ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បាអំពៅ, ទី៣- ឈ្មោះ សៀង វុធ្ធិ ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំ ឈើទាល ស្រុកកៀនស្វាយ និង ទី៤- ឈ្មោះ សាំង រិទ្ធី ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំ ឈើទាល ស្រកកៀនស្វាយ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះករណីគ្រោះអគ្គិភ័យឆេះរោងចក្រខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ១៥គ្រឿង ដើម្បីជួយធ្វើការបាញ់ទឹកពន្លត់ និងរថយន្តសង្រោះមាន ចំនួន ១០គ្រឿងផងដែរ៕