2024-01-18 12:44
232

ពោធិ៍សាត់៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាំងស្រវឹងជោគជាំបញ្ច្រាស់ទិសទៅបុករថយន្តទាំងកំរោល។
ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវលេខ ១៥៥ នៅចំណុច ម្តុំមុខផ្ទះឈ្មោះ ប៉ាល់ ស៊ីឡាយ ស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០៦និង២៥នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ 

អ្នកឃើញហេតុការណ៍ផ្ទាល់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្ត ០១គ្រឿង ម៉ាកដេវ៉ូ (DAEWO) ពណ៌ឈាមជ្រូក ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 3F-7768 ជាប្រភេទរថយន្តដឹកខ្សាច់ភ្លៅបួន បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមាន ម៉ូតូ ០១គ្រឿង ម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងសភាពស្រវឹងស្រាច្រាស់ទិសគ្នា ក៍បានជិះទៅបុករថយន្តខាងលើនោះ ចំពីមុខរថយន្តផ្នែកខាងស្ដាំនៃផ្លូវអទិភាពរថយន្តពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅហ្នឹងកន្លែងភ្លាមៗ។

លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងបានចុះដល់កើតហេតុ ជួយអន្តរាគមន៍ និងបញ្ជៀសកុំឲ្យមានការកកស្ទះ។ 

លោកអធិការរង បានបន្តថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ហ៊ុល ញ៉ាញ់ ភេទប្រុសអាយុ ៦៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ព្រែក៣ ឃុំ សំរោង ស្រុកភ្នំក្រវាញ ស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តមានឈ្មោះ ស្វាយ ហុងលី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរ។

លោកបញ្ជាក់ថា: ករណីចរាចរណ៍ខាងលើ កើតឡើងដោយកត្តា អ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ និងបើកបរក្នុងស្ថានភាពស្រវឹង តុល្យភាពនៃការខូចខាត បណ្តាលឲ្យស្លាប់ ០១នាក់ប្រុស ខូចម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នសាកសពបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាង និងអ្នកបើកបររថយន្តឃាត់ខ្លួននឹងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនិតិវិធី៕ លាន គ្រន