2024-01-19 09:11
345

ភ្នំពេញ៖ កុមារម្នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរ «គន្ធបុប្ផា» វះកាត់បក និង លាងស្បែក ចំនួន ១៦ដង ប្រើឈាមអស់ ចំនួន ០៥ប្លោក បន្ទាប់ពីគ្រោះថ្នាក់ដោយរលាកភ្លើងពីការឆាបឆេះចេញពីរំសេវកាំជ្រួច ប្រកបដោយភាពជោគជ័យ និងបានវិលត្រឡប់ទៅផ្ទះវិញ។ 

ថ្មីៗកន្លងទៅនេះ, មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីការទទួលបានជោគជ័យក្នុងការសង្គ្រោះជីវិតកុមារម្នាក់ មកពីខេត្តតាកែវ ដែលរងគ្រោះដោយសារការឆាបឆេះបង្កមកពីការដុតសំរាមដែលមានលាយឡំសារធាតុរំសេវកាំជ្រួច និងបានបណ្តាលឱ្យរលាកដងខ្លួនប្រមាណ ៧០% ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។ 

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានខំព្យាបាលដោយការវះកាត់បក និងលាងស្បែក ចំនួន ១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ០៥ប្លោក ជាមួយនឹងការថែទាំដិតដល់រយៈពេល ៤៦ថ្ងៃ ទើបកុមាររូបនេះ រួចផុតពីសេចក្តីស្លាប់ និងអាចត្រឡប់ទៅផ្ទះវិញបានជាមួយស្ថានភាពប្រសើរ។ 

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែទាំមើលការខុសត្រូវចំពោះកូនៗ ឲ្យបានម៉ត់ចត់ ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕