2024-01-19 16:57
301

ភ្នំពេញ៖     បុរសជនជាតិចិនម្នាក់ ដែលជាជនដៃដល់បានប្រេីប្រាស់អាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះជាមិត្ភភក្ដិចំនួន ០៣គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ WEI GUANGSHAN  ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជនដៃដល់) បាននៅវេលាម៉ោង ០៣ និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់កំណត់បានទីតាំងលាក់របស់ជនសង្ស័យ ។

ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថា  កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង ៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាសអាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់បណ្ដាលឱ្យរងរបួសពិតប្រាកដមែន ។ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា) ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនីតិវិធីបន្ត និងកំពុងបន្តស្វែងរកវត្ថុតាង(អាវុធខ្លី)៕