2024-01-20 15:27
244

ពិធីដ៏មានអត្ថន័យនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ក្រោមវត្តមាន លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនិងជាអនុប្រធានក្រុមការងារបក្សខេត្តចុះជួយស្រុកវើនសៃនិងជាប្រធានក្រុមការងារចុះជួយឃុំភ្នំកុក និងលោក ហេង សាវឿន អភិបាលស្រុកវើនសៃ។ 

ក្នុងសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ៧.មករា.១៩៧៩-០៧.មករា.២០២៤ ដែលអានដោយ លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានលើកឡើងថា  ការប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុលពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និង រាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។ខួបនៃទិវាជ័យជម្នះ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ ។

សុន្ទរកថា បន្តថា ឆ្នាំ២០២៣ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវឌ្ឍន៍យ៉ាងល្អ ដែលផ្តល់ ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាសភាពការណ៍ អន្តរជាតិ នៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ នៅក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានខិតខំបន្តអនុវត្ត កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗជាច្រើន ប្រកបដោយមោទនភាព ។ ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ៕