2024-01-21 13:15
338

កំពង់ស្ពឺ៖ ជនសង្ស័យមានឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទៈ «ទ្វេពន្ធភាព» ជាបទល្មើសព្រហ្មទណ្ឌមានចែង និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និង មាត្រា ០៩ នៃច្បាប់ឯកពន្ធភាព ។ 
    លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទៈ «ទ្វេពន្ធភាព» ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។ 
    សូមជម្រាបថា ជនសង្ស័យឈ្មោះ យុគ វឌ្ឍនា ហៅ ង៉ាម រឺ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ ជានគរបាល មានឋានៈជា «ស្នងការរង» នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានឋានន្តរស័ក្តិ «ថ្នាក់ឧត្តមសេនីយ៍ត្រី» ទីកន្លែងកំណើត នៅភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ទីលំនៅ មុនពេលឃុំខ្លួនស្នាក់នៅផ្ទះលេខ ០៨CP ផ្លូវលេខ ២៣៦ ភូមិសែនសុខ៣ សង្កាត់ ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 
   យោងតាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១១២៥ “ឌ” ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក សេង រិទ្ធី សម្រេច បង្គាប់ : 
១- ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ឃុតត វឌ្ឍនា ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ 
២- ឱ្យប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសំម្រេចផ្សេងពីនេះ ។ 
៣- ឱ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ៕ 
   សូមបញ្ជាក់ថា បទៈ «ទ្វេពន្ធភាព» បានចែងថាៈ បុរស ឬស្ត្រី ដែលមានអាពាហ៍ពិពាហ៍មិនទាន់រលាយនៅឡើយហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ត្រូវផ្តន្ទាទោសតាមមាត្រា ០៤ និង មាត្រា ០៩ នៃច្បាប់ឯកពន្ធភាព ដាក់ពន្ធនាគារ ពី ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ផងដែរ៕