2024-01-24 16:14
347

រាជធានីគួឡាឡាំពួរ៖ តុលាការម៉ាឡេស៊ី បានចោទប្រកាន់ដល់លោកស្រី ណៃម៉ះ អាប់ដូល ខាលី (Na'imah Abdul Khalid) ជាភរិយារបស់លោក ដេម ហ្សានូដឌីន (Daim Zainuddin) អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរបស់ប្រទសអាស៊ានមួយនេះ អំពីការខកខានប្រកាសទ្រព្យសម្បតិ្ដរបស់ខ្លួន ប៉ុន្ដែលោកស្រី បានអះអាង អំពីការមិនមានទោសកំហុស ហើយបទឧក្រិដ្ឋពិតប្រាកដ ជាចេតនា ចង់បង្ខូចកិត្តិយសប្ដីរបស់លោកស្រី។ 

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ថា ភរិយារបស់លោក ដេម ហ្សានូដឌីន អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានរងការចោទប្រកាន់ នៅក្នុងតុលាការម៉ាឡេស៊ី អំពីការខកខាន ប្រកាសទ្រព្យសម្បត្ដិជាច្រើន ដោយរាប់បញ្ចូលទាំងអគារខ្ពស់កប់ពពក Ilham Tower មានតម្លៃរាប់សិបលានដុល្លារផងដែរ។

លោកស្រី ណៃម៉ះ អាប់ឌូល ខាលីដ វ័យ៦៦ឆ្នាំ បានអះអាង អំពីការគ្មានទោសកំហុស នៅក្នុងសវនាការរបស់តុលាការទីក្រុងគួឡាឡាំពួរ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា)។ លោកស្រី ត្រូវបានគេចោទប្រកាន់ ថា មានចេតនាផ្តល់សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ក្រោមសម្បថ មិនគោរពតាមលក្ខខណ្ឌ នៃការជូនដំណឹងពីគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (ហៅកាត់ MACC)។

ទ្រព្យសម្បត្តិដែលមិនត្រូវបានប្រកាសនោះ រួមមាន អគារខ្ពស់កប់ពពក Ilham Tower (អ៊ីលហាម ថៅវើរ) ក្រុមហ៊ុន Ilham Tower និងអគារ Ilham Baru (អ៊ីលហាមបារូ), រថយន្ត Mercedes-Benz ចំនួនពីរគ្រឿង និង អចលនទ្រព្យមួយចំនួនផ្សេងទៀត ស្ថិតក្នុងទីក្រុងគួឡាឡាំពួរ (Kuala Lumpur) និង រដ្ឋផេណាង (Penang) ប្រទេសម៉ាឡេស៊ី។ លោកស្រី អាចប្រឈមនឹងមុខការជាប់ពន្ធនាគារ រហូតដល់ប្រាំឆ្នាំ និង ពិន័យជាប្រាក់រហូតដល់ ១00 000 រីងហ្គេត (លុយម៉ាឡេស៊ី) ឬស្មើនឹង ២១ ១១៧ដុល្លារអាមេរិក ប្រសិនបើតុលាការរកឃើញ ថា មានទោសកំហុស។

ភរិយារបស់អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ រូបនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅខាងក្រៅតុលាការ ថា «ខ្ញុំមិនបានប្រព្រឹត្ដបទឧក្រិដ្ឋនោះឡើយ ហើយខ្ញុំបានបង្ហាញភស្ដុតាងនេះ នៅក្នុងតុលាការ។ ប៉ុន្ដែបទឧក្រិដ្ឋពិតប្រាកដ ជាចេតនា ដើម្បីបង្ខូចកិត្តិយសដល់ប្ដីរបស់ខ្ញុំ។ បទឧក្រិដ្ឋពិតប្រាកដ គឺការកាន់អំណាចរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនដើម្បីផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនោះឡើយ»។

ដោយឡែក លោក ដេម ហ្សានូដឌីន (Daim Zainuddin) អតីតរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ ជាប្ដីរបស់លោកស្រី ត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយចោទប្រកាន់ អំពីការប្រព្រឹត្ដ អំពីពុករលួយ កាលពីអំឡុងឆ្នាំ២០២៣។

ចំណាត់ការតាមផ្លូវច្បាប់របស់ MACC ប្រឆាំងនឹងលោក ដេម គឺជាផ្នែកមួយ នៃការស៊ើបអង្កេត ប្រឆាំងនឹងការលាងលុយកខ្វក់ ដែលត្រូវបានចាប់ផ្តើម ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៣ រហូតមក ដោយបានបញ្ច្រៀតចូលទៅក្នុងប្រតិបត្តិការសាជីវកម្ម មានតម្លៃ ២,៣ពាន់លានរីងហ្គីត (លុយម៉ាឡេស៊ី) ឬ ស្មើនឹងប្រហែលជាង ៥០០លានដុល្លារអាមេរិក។

ដោយឡែក នាយកប្រតិបត្តិហិរញ្ញវត្ថុ ដែលជិតស្និទ្ធនឹងលោក ដេម បានអះអាង ថា អតីតអ្នកនយោបាយរូបនេះ បានទទួលបញ្ជាពី MACC កាលពីចុងខែឧសភា ដើម្បីប្រកាសនូវការកាន់កាប់ហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលជាកម្មសិទ្ធិរបស់សមាជិកគ្រួសាររបស់គាត់ ផងដែរ៕