2024-01-25 13:09
362

រដ្ឋធានីប៉េកាំង៖ ជ័យជម្នះរបស់គណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ កាន់តែធ្វើឲ្យស្ថានការណ៍ តាមតឹងបន្ថែមទៀត ស្របពេលរដ្ឋាភិ            បាលក្រុងប៉េកាំង  កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំងដល់ដែនកោះមួយនេះ ដើម្បីឲ្យព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន ហើយឥឡូវ ក៏មានសេចក្ដីរាយការណ៍ អំពីទាហានរបស់ចិន ដេញតាមនាវាពិឃាដរបស់សហរដ្ឋអាមេរិក។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ថា បើតាមសេចក្ដីថ្លែងការណ៍មួយ បានរាយការណ៍ ថា កងទ័ពចិន បានដេញតាម និង ឃ្លាំមើលនាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាំមេរិក កំពុងតែធ្វើនាវាចរណ៍ នៅតាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី២៤ ខែមករា)។

អ្នកនាំពាក្យ ទីបញ្ជាការបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាច ថ្ងៃពុធ ថា នាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក USS John Finn (យូអេសអេស ចនហ្វីន) បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ 

អ្នកនាំពាក្យកងទ័ពចិន បានបន្ដ ថា «ទង្វើរបស់យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើសកម្មភាពញុះញង់ និង បំផ្លាញសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់ តាមរយៈការព្យាបាទ។ ស្របគ្នានេះ កងទ័ពចិន បានបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា និង ប្ដេជ្ញាការពារនូវអធិបតេយ្យភាពជាតិ យ៉ាងម៉ឺងម៉ាត់បំផុត»។

ដោយឡែក កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា នាវាពិឃាដ USS John Finn របស់សហរដ្ឋអាមេរិក បានឆ្លងកាត់ច្រករបៀងមួយ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី២៤ ខែមករា) មិនបានហួសចូលពីដែនសមុទ្រ នៃរដ្ឋណាមួយនោះឡើយ។ ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាពិឃាដ USS John Finn បានបង្ហាញ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការរក្សាសេរីភាព នៃការធ្វើនាវាចរណ៍ សម្រាប់ប្រជាជាតិទាំងអស់ ដោយផ្អែកលើគោលការណ៍ច្បាប់អន្ដរជាតិ ស្ដីពីសមុទ្រ។ គ្មានសមាជិកសហគមន៍អន្តរជាតិណាម្នាក់ គួរត្រូវបានគេបំភិតបំភ័យ ឬ បង្ខំឲ្យបោះបង់សិទ្ធិ និង សេរីភាពរបស់ពួកគេនោះឡើយ៕