2024-01-26 16:37
351

រដ្ឋធានីកៀវ៖ នាយករដ្ឋមន្រ្ដីហុងគ្រី ជាសម្ពន្ធភាពយ៉ាងជិតស្និទ្ធមួយរូបរបស់ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយជាញឺកញាប់ គាត់តែងតែរារាំងដល់ជំនួយ និង សកម្មភាពមួយចំនួនពាក់ព័ន្ធនឹងអ៊ុយក្រែន ប៉ុន្ដែឥឡូវមេដឹកនាំរបស់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ កំពុងតែព្យាយាម អញ្ជើញលោក វិកទ័រ អ័របាន (Viktor Orban)  ធ្វើដំណើរមកបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ថា លោកស្រី អូលហា ស្ដេហ្វានីស៊ីណា (Olha Stefanishyna) ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ថា អ៊ុយក្រែន កំពុងតែរៀបចំឱ្យមាន ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក វិកទ័រ អ័របាន (Viktor Orban) មេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការណាតូ (NATO) ខណៈមេដឹកនាំរូបនេះ មានទំនោរប្រកាន់ជំហរគាំទ្រដល់រុស្ស៉ី នៅក្នុងវិបត្តិសង្រ្គាម នៅអ៊ុយក្រែន។

នាយករដ្ឋមន្រ្តីហុងគ្រី បានទៅធ្វើទស្សនកិច្ច ជាលើកចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១០មក។ ស្របគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និង ហុងគ្រី នឹងត្រូវជួបពិភាក្សាគ្នា នៅដើមសប្តាហ៍ក្រោយ ខណៈប្រធានខុទ្ទកាល័យរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី វិកទ័រ អ័របាន អាចនឹងត្រូវលើកមកពិភាក្សា នៅក្នុងអំឡុងជំនួបនេះ។

លោកនាយករដ្ឋមន្រ្ដី វិកទ័រ អ័របាន ធ្លាប់លើកឡើង កាលពីចុងឆ្នាំ២០២៣ ថា លោកទទួលបានការអញ្ជើញពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី ដើម្បីបើកកិច្ចប្រជុំទ្វេភាគី នាពេលអនាគត ហើយលោកក៏បានទទួលយកការអញ្ជើញនេះផងដែរ។ មេដឹកនាំទាំងពីរ ត្រូវបានគេមើលឃើញ ឈរជជែកគ្នា នាអំឡុងងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន លោក ចាវីយែ មីឡេ (Javier Milei) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងកៀវ និងក្រុងប៊ុយដាប៉ែស បានធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែមេដឹកនាំហុងគ្រី បានប្រកាន់គោលជំហរជំទាស់នឹងការផ្តល់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន តាមរយៈការយកចេញពីកញ្ចប់ថវិការបស់សហភាពអឺរ៉ុប (EU) ក៏ដូចជា ការបង្ហាញមន្ទិលសង័្សយ ចំពោះការចង់ក្លាយជាសមាជិករបស់អង្គការណាតូ និង សហភាពអឺរ៉ុបរបស់អ៊ុយក្រែន។ 

បន្ថែមពីលើនេះ មេដឹកនាំហុងគ្រី តែងតែព្យាយាមរារាំងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងប្រទេសរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ថ្វីបើលោកខាងលិច បានបង្កើនទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការឈ្លានពាន ទៅលើអ៊ុយក្រែន កាលពី  ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងណាក្ដី ក៏រដ្ឋាភិបាលក្រុងប៊ុយដាប៉ែស នៅតែរក្សាទំនាក់ទំនងល្អ ជាមួយក្រុងមូស្គូ៕